ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ អ៊ុំប្រុសម្នាក់បាននាំកូន និងប្រពន្ធ រួមជាមួយនឹងកាន់ឯកសារមួយដុំធំ ហើយគរសំបកកង់រថយន្តចាក់ប្រេងដុតដោយចោទអាជ្ញាធរខណ្ឌថា ឃុបឃិតយកដីរបស់គាត់ប្រគល់ឲ្យអ្នកផ្សេង ។
ទីតាំងដែលដុតកង់រថយន្តខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ដីតំបន់អភិវឌ្ឍន៍ឫស្សីកែវ) ។
អ៊ុំប្រុសប្រាប់ឲ្យដឹងថា គាត់ឈ្មោះ រ័ត្ន ស៊ា អាយុ៦៨ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១២H ផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ១៨០០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកអ៊ុំបានឲ្យដឹងថា ដីខាងលើពីដើមឡើយជាតំបន់លិចទឹក ហើយមានព្រៃត្រែងដុះក្រាស់ឃ្មឹក គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៩ ដែលចេញដោយ អ៊ុក ខែម នូវក្រដាស់បង្កាន់ដៃដីនេះ ។ បន្ទាប់មកទៀត រដ្ឋាភិបាលត្រូវបានធ្វើផ្លូវខ្សែគឺផ្លូវលេខ៥៩៨ រហូតមកដល់បច្ចុប្បននេះ ដីដែលនៅសល់១ហិកតា ស្មើនឹង១៣ឡូត៍ ក្នុង១ឡូត៍មានទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដើម្បីទុកចែកដល់កូនរបស់គាត់មានចំនួន៥នាក់ ។ ស្រាប់តែពេលថ្មីៗនេះ មានជនមិនស្គាល់មុខបានចាក់ដី និងឈូសឆាយទៅលើដីរបស់គាត់ដោយគ្មានឃើញអាជ្ញាធរចេញមុខហាមឃាត់ ។
លោកអ៊ុំ រ័ត្ន ស៊ា បានបន្តឲ្យដឹងទៀតថា តាមអំណាចតុលាការបានកាត់ឲ្យគាត់គ្រប់គ្រងលើដីខាងលើនេះចំនួន៩ឡូត៍ តែបច្ចុប្បន្នរូបគាត់បានកាន់កាប់តែ២ឡូត៍ប៉ុណ្ណោះ ហើយការដុតកង់ឡាននេះដែរ គឺចង់រកដំណោះស្រាយថា ដីនេះមានឈ្មោះនរណាខ្លះ ឲ្យយកឯកសារមកតទល់គ្នា ។ មួយសន្ទុះក្រោយមកអាជ្ញាធរខណ្ឌបានអញ្ជើញអ៊ុំ រ័ត្ន ស៊ា ទៅពិភាក្សានៅសាលាខណ្ឌឫស្សីកែវ ដើម្បីជជែករកខុសត្រូវដោយលោកអ៊ុំបានបញ្ជាក់ថា ដីខាងលើនេះអាជ្ញាធរមិនមានសិទ្ធិបែងចែកឲ្យទៅបុគ្គលណានោះទេ គឺស្ថិតនៅលើការដោស្រាយវិវាទដីធ្លីជាអ្នកបែងចែក ហើយឲ្យអ៊ុំប្រុសតវ៉ានៅកន្លែងនោះទៅ ។
បើតាមអាជ្ញាធរបានឲ្យដឹងថា ដីតំបន់អភិវឌ្ឍន៍ឫស្សីកែវខាងលើនេះត្រូវបានអាជ្ញាធរដោះស្រាយវិវាទដីធ្លីបែងចែក និងសម្រេចប្រគល់ជូនប្រជាពលរដ្ឋចំនួន៨គ្រួសារ ក្នុងនោះអ៊ុំ រ័ត្ន ស៊ា ក៏បានចំនួន២ឡូត៍ផងដែរ តែរូបគាត់ទាមទារចង់បានចំនួន៩ឡូត៍ ផ្ទុយពីការសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលចេញដោយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ។
អាជ្ញាធរបានបញ្ជាក់ទៀតថា បញ្ហាទាំងអស់នេះគឺបានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយៗទីតាំងខ្លះនៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ៕
ដោយ៖ អារុណរះ