ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា មានករណីគ្រោះអគ្គីភ័យឆេះគំនរក្តារឈើកុងផ្លាកកេចាស់ៗ ផ្តើមចេញពីការដុតយកទឹកឃ្មុំ នៅកែងស្តុបភូមិអាចម៍មឹក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អេីលឡេីងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព៍ត៌មាននេះភ្លាម កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន០៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ បានចេញជួយសង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីបង្ការ ទប់ស្កាត់ កុំឱ្យឆេះរាលដាលខ្លាំងប៉ះពាល់ដល់រោងកម្មករស្នាក់នៅក្បែរកន្លែងកើតហេតុ។
គួរបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងបាញ់ទឹកពន្លត់ទាំងស្រុង នៅវេលាម៉ោង ២រសៀលថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថខេត្ត ចំនួន ០១គ្រឿង អស់ទឹក ០២ឡានទេីបរលត់ទៅវិញ៕