លោក មាស សុភ័ណ្ឌ បញ្ជាក់លម្អិតពីសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់លម្អិតអំពីដំណើរអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេសរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស របស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

នាឱកាសនោះ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ៖ តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្នុងដំណើរអញ្ជើញចូលរួម ពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP សម្តេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។ សន្និបាតប្រចាំឆ្នាំនេះ ក៏នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផងដែរ។

គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជីញអមដំណើរ សម្ដេមធិបតី ក្នុងឱកាសនេះ រួមមាន៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងលោក លោកស្រី និង មន្ត្រីជាន់ខ្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅរសៀលថ្ងៃដដែលនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print