ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការនៃកងទ័ពឥណ្ឌូនេស៊ី ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ នាយក នាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍មហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម អគ្គមេបញ្ជាការ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ ព្រមទាំងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី ដោយសូមឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ បានជម្រាបជូនពីគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ ដោយសារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានតាំងពីយូរលង់មកហើយ។ ដូច្នេះនេះជាការផ្ដល់ឱកាសដល់អ្នកជំនាន់ក្រោយ ក៏ដូចជាថ្នាក់ដឹកនាំបន្តវេននៅក្នុងជួរកងទ័ពឥណ្ឌូនេស៊ី បានស្គាល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី ក៏ដូចជាការរីកចម្រើននៅកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ ក៏បានរាយការណ៍ជូនឯកឧត្តមអគ្គមេបញ្ជាការពីចំនួនសិក្ខាកាមនៃបណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញកម្មសិក្សានៅមហាវិទ្យាល័យបញ្ជាការសេនាធិការប្រទេសឥណ្ឌូនេស៊ី ដោយលោកឧត្តមសេនីយ៍សង្ឃឹមថា ទៅថ្ងៃអនាគត ឯកឧត្តម អគ្គមេបញ្ជាការនឹងផ្ដល់ឱកាសបញ្ជូននាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញការសិក្សានៅសាធារណរដ្ឋឥណ្ឌូនេស៊ីកាន់តែច្រើនថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងលើកឡើងពីសភាពការណ៍មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសសុខសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើសមាហរណកម្មប្រទេសទៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ក្នុងស្ថានភាពដែលប្រទេសជាតិជួបនូវការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគ្រប់គ្រងស្ថានភាពបានល្អ និងបានបើកប្រទេសឡើងវិញនៅឆ្នាំ០២១ ហើយឆ្នាំ២០២២ បានដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកបដោយជោគជ័យ។

ឯកឧត្តម អគ្គមេបញ្ជាការ បានបង្ហាញនូវមោទនភាពចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ និងបានអរគុណដល់ទេសឥណ្ឌូនេស៊ី ដែលបានចូលរួមស្វែងរកសន្តិភាព បង្រួបបង្រួមជាតិនៅកម្ពុជា ហើយមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ។

ចំពោះកិច្ចសហប្រតិបត្តិការយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម ព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ២១៧។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសំណូមពរដល់ប្រទេសឥណ្ឌូនេស៊ី ឲ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបន្តទៀត ក្នុងនោះបន្តការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងបណ្ដាលប្រភេទទ័ព ការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print