ខេត្តមណ្ឌលគិរី ៖ ដំរីឈ្មោល១ក្បាល ដែលជាមេហ្វូងត្រូវគេឃើញកំពុងឈឺជើងដើរទៅណាមិនឆ្ងាយ ហើយកូនហ្វូងរបស់វាក៏នៅក្បែរៗមិនទៅឆ្ងាយពីមេហ្វូង នៅ ក្នុងព្រៃនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃដែនជម្រកសត្វព្រៃកែវសីមា បានល្បាត និងប្រទះឃើញមេហ្វូងដំរី ដែលមានទំងន់ច្រើនរយគីឡូក្រាម១ក្បាលនេះ កាលពីថ្ងៃ១៨ មេសា ក្នុងចំណុចអូរប៉ាមនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍ពីប្រធានការិយាល័យដែនជម្រកសត្វ ព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ស៊ិន សត្ថា បានឲ្យដឹងថា សត្វដំរីឈ្មោល ១ក្បាលនោះកំពុងឈឺជើងមុខខាងឆ្វេង រយៈពេល៥ថ្ងៃមកហើយ ហើយវាត្រូវបានក្រុមការងារបច្ចេកទេស យកចំណីដាក់នៅជិតៗវាផងដែរ ។ លោកបន្តឲ្យដឹងថា ឥឡូវវាធូរស្បើយបន្តិចហើយដោយសំអាងលើចំងាយដី ដែលវាបានបំលាស់ទីចេញ ពីទីតាំងដើមបានឆ្ងាយគួរសម។ ចំណែកហ្វូងរបស់វា ក៏នៅមិនទៅណាឆ្ងាយពីដំរីឈ្មោលនោះដែរ និងពួកវាត្រូវគេរាយការណ៍ថា មានភាពកាចសាហាវខុស ធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើ សត្រូវរបស់វា ដែលព្យាយាមចូលទៅជិតគ្នាវា ។ ជាធម្មតាសត្វដំរីព្រៃ តែងតែបង្ហាញវត្តមានរបស់វាជា រៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ និងមិនដែលបានវាយប្រហារមកលើមនុស្សនោះទេ។
លោក សុះ មីឡែម អភិបាល រងស្រុកកែវសីមា ឲ្យដឹង ថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំដល់មេឃុំ មេភូមិ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្នុងបរិវេណក្បែរៗកន្លែងដែលដំរីកំពុងឈឺ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅ លើសុខភាព និងជំងឺរបស់ដំរីផងដែរ។
នៅរដូវប្រាំងនេះ សត្វដំរីព្រៃ ត្រូវគេឃើញបានចេញមកក្បែរៗភូមិឋាន និងថែមទាំងបានចូលដល់ ក្នុងស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាទៀតផង។ កាលពីថ្ងៃទី២១ មេសា ហ្វូងដំរីច្រើនក្បាល បានចូលអុកឡុកវាយបំផ្លាញដំណាំប្រជាពលរដ្ឋ រួមមានធុរេន ស្វាយចន្ទីរ និងដើម ដូងជាដើម ត្រង់ចំណុច ភូមិពូត្រំ ក្រុងសែនមនោរម្យ។ នៅជាមួយគ្នានោះ ស្ត្រីម្នាក់ ត្រូវបានស្លាប់ភ្លាមៗ ដោយ សារដំរីព្រៃបាន យកប្រមោយរបស់វាចាប់បោកស្ត្រីរូបនោះ កាលពីថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្មីៗកន្លងមកនេះ៕