លោកទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា មានបំណងកៀរគរប្រទេសតុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន

ចែករំលែក៖

ប្រទេសថៃ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្ម នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន ០៣ របស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមានការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជាកំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន ០៣ (តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល) នៃតំបន់ប៉ាស៊ីហ្វិក ផងដែរ។ ជាមួយគ្នានេះ កម្ពុជាមានបំណងកៀរគរប្រទេសទាំង៣នេះ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន ដែលកិច្ចការនេះត្រូវការគាំទ្រពីប្រទេសហ្វីជីក្នុងការបញ្ចុះបញ្ចូល និងកៀរគរប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសហ្វីជី ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ក្នុងការលប់បំបាត់ទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្ស។ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក លី ធុជ បានអញ្ជើញថ្នាក់ដឹកនាំនៃសាធារណរដ្ឋហ្វីជី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទឹកដីខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាការឆ្លើយតប លោកស្រី Lenora Qereqeretabua បានមានប្រសាសន៍ថា ប្រទេសហ្វីជី ស្វាគមន៍ចំពោះសំណើរបស់កម្ពុជាដើម្បីធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូលគ្មានមីន ព្រមទាំងសម្តែងនូវការគាំទ្រភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print