ខេត្តក្រចេះ៖ លោក គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម.) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅខេត្តក្រចេះ។ ដោយមានការចូលពីលោក គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តនិង លោក លោកស្រី ជាប្រធាន អនុធាន សមាជិក នៃគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ លោកមេបញ្ជាការ មេបញ្ជាការង និងកងកម្លាំងទាំងបី កាកបាទក្រហម. កាយរិទ្ធ និងអង្កការដៃគូអភិវឌ្ឍន៏ផងដែរ។
លោក គង់ គឹមនី អភិបាលរងខេត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ ប្រសិទ្ធភាពសម្រាប់បរិបទខេត្តក្រចេះ ជាពិសេសឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គឺជាចំណុចសំខាន់ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ និងមានផែនការយុទ្ធសាស្ត្រជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិជាផែនទីចង្អុលផ្លូវផងដែរនោះ ថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ដោយមាន លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ជាសេនាធិកា បានដាក់ទិសដៅសកម្មភាពអាទិភាព។
ខេត្តក្រចេះ បានអនុវត្តប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ – ពង្រឹងសមត្ថភាពមន្ត្រីបង្គោល ត្រៀមរៀបចំគោលការណ៍ណែនាំអំពីការប្រើប្រាស់ និងការគ្រប់គ្រងទិន្នន័យគ្រោះមហន្តរាយ ដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង/ស្រុកនិងឃុំ/សង្កាត់ ដើម្បីជំរុញការអនុវត្តយន្តការគ្រប់គ្រងទទួល និងផ្តល់ព័ត៌មានអំពីមុខសញ្ញាគ្រោះថ្នាក់ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
នាឱកាសនោះ លោក គីម វីរៈ អគ្គលេខាធិការ តាងនាម លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា កិច្ចប្រជុំបូកសរុប ការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ និងសូមកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះទាំងមូលដែលបានរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនានាក្នុងឆ្នាំ២០២៣ ទាំងនៅក្នុងដំណាក់កាលនៃការត្រៀម រៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ។
បន្ថែមពីនេះ លោកអគ្គលេខាធិការរូបនេះ បានលើកឡើងថាកត្តាប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសង្គមជាតិ វាបានបង្កឱ្យកើនឡើងនូវឥទ្ធពលគ្រោះមហន្តរាយ។ ក្នុងករណីនេះដែល ចាំបាច់យើងត្រូវបន្តពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិត្វភាពនឹងទាន់ពេលវេលា។ ឯកឧត្តមមានប្រសាសន៏រំលឹកថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើ ប្រាស់ផែន ការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤- ២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើ យុទ្ធសាស្ត្រអាទិ ភាពធំៗចំនួន ៤៖
១. គោលដៅយុទ្ធសាស្ត្រទី១៖ ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ
២. គោលដៅយុទ្ធសាស្ត្រទី២៖ ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ
៣. គោលដៅយុទ្ធសាស្ត្រទី៣៖ ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់
៤. គោលដៅយុទ្ធសាស្ត្រទី៤៖ ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ ប្រសិទ្ធភាពនៃការឆ្លើយតប (ការស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរ ឡើង) ក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។
លោក គីម វីរៈ បានជម្រុញលើទឹកចិត្តអនុវត្តសកម្មភាពត្រៀមរៀបចំដូចដែល សហការី បានធ្វើបទបង្ហាញកន្លងមកនេះ និងពិនិត្យលទ្ធភាពរៀបចំ និងអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដែលឆ្លើបទៅនឹងគោលដៅជាយុទ្ធសាស្ត្រ ទាំង ៤ របស់រាជរដ្ឋាភិបាលកម្ពុជាយើង៕ដោយ៖តារា