នា​រសៀល​នេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី​បណ្ឌិត អញ្ជើញជាអធិបតី “ ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ”

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹ​ងថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតី “ ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ”​ ដែលរៀបចំ​ឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។​ កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍​នយោ​បាយ​របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានការប្រោសព្រះរាជទាន និងការប្រគល់នូវគ្រឿងឥស្ស​រិយយសសរុបចំនួន ២,១៣៣គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាស្ថាប័នមួយដែលមានភារកិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍​វប្ប​ធម៌ របស់ជាតិ ដោយមានកិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់សិល្បករ សិល្បការិនី សិប្បករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលជាភាពជោគជ័យមួយនៅក្នុងការថែរក្សា ការពារនូវអ្វី​ដែលជា​សម្បត្តិ​បេតិកភណ្ឌរបស់ដូនតា។

គួររម្លឹកផងដែរថា​ កម្ពុជា​ នាពេលកន្លងមក​ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ច​ប្រជុំ​កំពូលអាស៊ាន កិច្ចប្រជុំ ASEM ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការបង្ហាញនូវវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ទៅ​កាន់​ពិភព​លោក ដោយមានការសម្តែងទស្សនីយភាពជាច្រើន។

ក្នុងព្រឹត្តិការណ៍នេះហើយដែលសិល្បករ សិល្បការិនីគ្រប់ទម្រង់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បាន​ចូលរួមសម្តែងរួមរហូតបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មហាអស្ចារ្យដែលបង្ហាញឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ រាល់ព្រឹត្តិការណ៍ដែលបានរៀបចំដោយក្រសួងក្តី ដោយស្ថាប័ននានាក្តី គឺទទួលបាន​ជោគជ័យដោយមានការចូលរួមរបស់សិល្បករ សិល្បការិនីមកពីគ្រប់ទម្រង់ និងគ្រប់មជ្ឈដ្ឋាន ដូច​ជា​ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំ ការចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពិធី​បុណ្យទន្លេ បុណ្យសមុទ្រ ជាពិសេសការរៀបចំនូវសង្ក្រាន្តតាម​រាជធានី-ខេត្តទូទាំង​ប្រទេសនាពេល​កន្លងទៅថ្មីៗនេះ។

ការចូលរួមរបស់សហគមន៍ និងវិស័យឯកជនបានផ្តល់នូវភាពកក់ក្តៅ និងលទ្ធភាពដល់សិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធមានឱកាសក្នុងការចូលរួមសម្តែង និងបង្កើតនូវស្នាដៃសិល្បៈ​ផ្សេងៗ។ ដើម្បីជាការលើកទឹកចិត្តដល់គ្រប់សមាសភាពដែលបានចូលរួមចំណែកអភិរក្ស លើក​ស្ទួយ និងអភិវឌ្ឍ លើវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ក៏ដូចជាការចូលរួមសម្តែងក្នុង​ព្រឹត្តិការណ៍ធំៗ​កន្លងមក ក្រសួងបានធ្វើការស្នើសុំគ្រឿងឥស្សរិយយសសរុបចំនួន ២,១៣៣គ្រឿង ដើម្បីជូនដល់​មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដោយទទួលបាន​លទ្ធផលដូចតទៅ៖

១៖ ជាតូបការ ចំនួន ១៥គ្រឿង
២៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៣គ្រឿង
៣៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន ១២គ្រឿង
៤៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន ១៨គ្រឿង
៥៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន ២គ្រឿង
៦៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន ៥គ្រឿង
៧៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៧គ្រឿង
៨៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ៥៦គ្រឿង
៩៖ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ៤១១គ្រឿង
១០៖ មុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន ៨២គ្រឿង
១១៖ មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន ១,៤៦១គ្រឿង
១២៖ សហមេត្រី ថ្នាក់អស្សឫទ្ធិ ចំនួន ១គ្រឿង

...

គួរបញ្ជាក់ថា​ កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសនេះ គឺជាការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់​បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី​បណ្ឌិត ក្នុងការបំពាក់​គ្រឿងឥស្សរិ​យ​យសដោយផ្ទាល់ជូនដល់ថ្នាក់ដឹកនាំ សិល្បករ សិល្បការិនីសរុបចំនួន ៦៨រូប។ ជាមួយគ្នានេះ កម្មវិធីនឹងរៀបចំថតរូបជួបជុំគ្នា ៤០រូបម្តង (ជាក្រុមៗ) ជូនដល់សិល្បករ សិល្បការិនីសរុប ៤៩​ក្រុម ដែលបានទទួលគ្រឿងឥស្សរិយយសទាំងអស់ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print