ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្ដី“ចង្កឹះមួយបាច់” ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម”។ ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់ថា “ខ្ញុំសូមលើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាព នៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង”។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥ មេសា ២០២៤។
សម្តេចធិបតី បានថ្លែងថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើ មជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាន នូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺ ពិតជាអាស្រ័យលើសេចក្តី សម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ ដូចនេះ មុននឹងជ្រើសរើស យកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូលរួមដល់ការ ពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ”។
សម្តេចធិបតី បានថ្លែងថា “ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់ “។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង សម្តេចធិបតី ថ្លែងបន្តថា “ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា”៕ដោយ៖តារា