ភ្នំពេញ៖ យុវជន៣នាក់បានជិះម៉ូតូ២គ្រឿងមកកាប់យុវជន២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ហើយពេលផ្អើលឆោឡោឡើង ក៏ជិះម៉ូតូ១គ្រឿងគេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភោជនីយដ្ឋាន សម្រស់បុប្ផាច្បារអំពៅ ស្ថិតក្នុងសង្កាត់ ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ តូនី អាយុ២៤ឆ្នាំ មុខរបរជាកម្មរសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុ រងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល។
តាមការរៀបរាប់ពីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នាពីរនាក់បានដើរមកអង្គុយលេងនៅខាងមុខភោជនីដ្ឋាន សម្រស់បុប្ផាច្បាអំពៅ ពេលដែលកំពុងតែអង្គុយជជែកគ្នាលេងស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូ២គ្រឿងម៉ាក ស៊ុយស៊ូគីវីវ៉ា ១គ្រឿងមិនចាំស្លាកលេខ និង១គ្រឿងទៀតម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2372 បានជិះមកឈប់ក្បែហើយដកដាវពីក្នុងម៉ូតូកាប់ទៅលើជនរងគ្រោះម្នាក់បណ្ដាលឲ្យចំក្បាលរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
ប្រភពបានបន្តថា ក្រោយពីកាប់ជនរងរគ្រោះឲ្យរងរបួសរួចអ្នកនៅជិតកន្លែងកើតហេតុបានស្រែកផ្អើលឆោឡោបណ្ដាលឲ្យជនបង្កភ័យស្លន់ស្លោរត់ឡើងជិះតែម៉ូតូ១គ្រឿងគេចខ្លួនបាត់ដោយទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរបង្អែកច្បាអំពៅ។ មួយសន្ទុះក្រោយមកខាងក្រុមជនបង្កបានតេចូលវិទ្យុ ABC ដោយប្រាប់ថា ពួកគេត្រូវក្រុមជនសង្ស័យកាប់ប្លន់យកម៉ូតូពួកគេបាត់ហើយសូមឲ្យសមត្ថកិច្ចជួយផង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
ពេលដែលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនិងសួរនាំជនរងគ្រោះទើបដឹងពីដំណើររឿង ទើបសមត្ថកិច្ចយកម៉ូតូជនបង្កយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលច្បាអំពៅទី២ ដើម្បីដោះស្រាយតាមនិតិវិធី ៕
ដោយ៖ ជីម ភារ៉ា ដង្កោ