លោក ស្វាយ សំអ៊ាង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលនេះ។

ក្នុងឱកាសដ៏មានអត្ថន័យថ្លៃថ្លានាពេលនេះ លោកអភិបាលខេត្ត បានសម្តែងនូវគារវកិច្ច ស្វាគមន៍ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សៅ សុខា និងប្រតិភូអមដំណើរ ព្រមទាំង លោកគណៈអធិបតី លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញចូលរួម ក្នុងអង្គពិធីនេះ ដែលបានសបញ្ជាក់នូវការគាំទ្រ យកចិត្តទុកដាក់ និងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន អង្គភាពផ្នែកមានសមត្ថកិច្ច និងមន្ត្រីរាជការទាំងអស់នៃខេត្តស្ទឹងត្រែង ក្នុងការចូលរួមបំពេញភារកិច្ចយ៉ាងសកម្មឥតរួញរា រួមចំណែកអនុវត្តនូវ កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយ ថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាបានសុខសន្តិភាព និងបន្តជំរុញ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅធានាបាននូវការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មានភាពរស់រវើក រីកចម្រើនទាំងជីវភាពរស់នៅ និងសុខដុមរមនា ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងពិធីដ៏មានអត្ថន័យ និងសារៈ សំខាន់នេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ស្វាយ សំអ៊ាង បានថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់លោក ក៏ដូចជាសហការីក្រោមឱវាទ តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែង លើក្របការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តដឹកនាំស្ថាប័នមួយនេះឱ្យកាន់តែជោគជ័យបន្ថែមទៀត ស្របតាមសំណូមពរការងារ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែ ទម្រង់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែលបានសម្រួចការធ្វើកំណែទម្រង់ ឆ្ពោះទៅ «ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម និងប្រសិទ្ធភាព»។

លោកអភិបាលខេត្ត ក៏បានសម្តែងនូវអំណរសាទរ ប្រកបដោយក្តីជឿទុកចិត្តយ៉ាងកក់ក្តៅ ជាមួយនឹងលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានប្រកាសមុខតំណែងនាថ្ងៃនេះ។

ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះចំពោះការ តែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមន្ត្រីរាជការស៊ីវិល គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បី ភាពរីកចម្រើនការងារ ហើយក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ និង មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់សភាពការណ៍ ការវិវឌ្ឍថ្មីៗក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក។

ជាមួយមួយនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែង ជាខេត្តមួយដែលស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ មានព្រំដែនជាប់ នឹងខេត្តពីរនៃប្រទេសឡាវមានប្រវែងប្រមាណជា ២៥៧គីឡូម៉ែត្រ ស្ថានភាពសេដ្ឋកិច្ច កំពុងមានការលូតលាស់ឡើងជាបន្តបន្ទាប់ មានប្រជាជនប្រមាណជិត ២០ម៉ឺននាក់ មានមុខរបរភាគច្រើនពឹងផ្អែកតែលើវិស័យកសិកម្មតាមបែបប្រពៃណី ខេត្តមានផ្ទៃដីធំទូលាយ និងសំបូរដោយធនធានធម្មជាតិ ក្នុងនោះក៏ពុំទាន់មានលទ្ធភាពក្នុងការផលិត កែច្នៃធនធានផលិតផលទាំងនោះឱ្យបានច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាពរស់នៅ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពេញ លេញ និងមាននិរន្តរភាពពីធនធានទាំងនោះនៅឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print