ខេត្តបន្ទាយមានជ័យ÷ លោក ចាយ សាមិត្ត រដ្ឋលេខា ធិការ និងជាតំណាង បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកយុទ្ធនាការ «ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» និងមានការអញ្ជើញចូលរួមលោកប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ទូច វីណា អគ្គនាយករងចំណេះនិងព័ត៌មានបរិស្ថាន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត យុវជនកាយឫទ្ធិ យុវជនស.ស.យ.ក យុវជនកាក បាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជីវករយ៉ាងច្រើនកុះករ នៅផ្សារសេរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៤។
លោក ទូច វីណា អគ្គនាយករងចំណេះនិងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន ដែលបានរៀបចំនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងជាពិសេស យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
ក្នុងឱកាសនោះ លោកចាយ សាមិត្ត រដ្ឋលេខាធិការថ្លែង អំណរគុណដល់ក្រុមការងារនាយកដ្ឋានរដ្ឋបាល ផែន ការ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ដែលបានសហការជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុង និងខេត្ត ក្នុងការរៀបចំកម្មវិធីនេះឡើង និងអ្នកចូលរួមទាំងអស់។ លោកបានឱ្យដឹងថា ការចូលរួមគាំទ្រ «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» នាឱកាសនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុក ដាក់របស់ប្រជាជាតិយើងទាំងអស់គ្នាក៏ដូចជាប្រជាជាតិ លើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ ក្រោយៗទៀត។
លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា តាមរយៈយុទ្ធនា ការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វ ផ្សាយពីកន្ត្រកបរិស្ថាន នឹងបានផ្តល់នូវព័ត៌មាន ក៏ដូច ជាចំណេះដឹងថ្មីៗទៀត ជូនដល់បងប្អូនអាជីវករ ជុំវិញគោលបំណង(១)ផ្សព្វផ្សាយជាផ្លូវការចលនាទូលំទូ លាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជាតាមគោល ការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក (២) ជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន និង (៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជននៅតាមសហគមន៍ផលិតកន្ត្រកចចូត។
លោករដ្ឋលេខាធិការសង្ឃឹម និងមានជំនឿជឿជាក់ថា ស្មារតីនៃការប្រារព្ធយុទ្ធនាការកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក នាពេលនេះ នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង និងភ្ញាក់រលឹក ហើយយកការយល់ដឹងនេះ មកប្រែក្លាយជាការអនុវត្តជាក់ស្តែង និងអនុវត្តជាប្រចាំដើម្បីបុព្វហេតុបរិស្ថាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបរិស្ថានពិភពលោកឱ្យមាននិរន្តរភាព៕