ក្រុមចចកកំណាច Leicester City ទទួលបានការឡើងទៅកាន់លីកកំពូល Premier League វិញកាលពីថ្ងៃសុក្រ ទី២៦ មេសាបន្ទាប់ពីគូប្រជែងដែលកំពុងឈរលេខ២ក្នុងតារាង Leeds United បានបរាជ័យក្នុងលទ្ធផល ៤–០ ដោយក្រុម Queens Park Rangers ដែលធានាថា ក្រុមកំពូលតារាង Championship នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងពីរ។
លទ្ធផលនេះបានបន្សល់ទុកឱកាសរបស់ Leeds ចំណាត់ថ្នាក់លេខ២ក្នុងការឡើងដោយស្វ័យប្រវត្តិពីការប្រកួតនៅChampionship ដែលជាលីកកម្រិតទី២។ ពួក គេ តាម ពី ក្រោយក្រុម Leicester ៤ ពិន្ទុ ខណៈ សល់ មួយ ប្រកួត ទៀត ត្រូវលេង ហើយ មាន តែ ១ ពិន្ទុ នាំ មុខ Ipswich Town ដែល មាន ២ ប្រកួត ក្នុង ដៃ។ នេះជាក្តីសុបិនក្នុងតង់ទីមួយសម្រាប់ QPR ខណៈដែលក្រុមនេះបានស៊ុតបាល់បញ្ចូលទីរហូតដល់៤គ្រាប់។
ប្រធានក្រុម Ilias Chair រកបានគ្រាប់បាល់ទី១ ឲ្យ QPR ដោយបានស៊ុតបាល់បញ្ចូលទីជាមួយនឹងការខិតខំប្រឹងប្រែងពីខាងក្រៅតំបន់គ្រោះថ្នាក់ ខណៈដែល Lucas Andersen រកបានគ្រាប់ទី២នៅពាក់កណ្តាលតង់ទី១ ធ្វើឲ្យចប់តង់ទី១ ក្រុមម្ចាស់ផ្ទះនាំមុខ២–០។
ក្រុមភ្ញៀវ Leeds បានព្យាយាមបង្កើនសម្ពាធក្នុងតង់ទីពីរ ប៉ុន្តែទទួលបានឱកាសតិចតួច ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងGeorginio Rutter មានឱកាសស៊ុតបាល់ពីតំបន់ពិន័យ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន។
ខ្សែប្រយុទ្ធសញ្ជាតិស្កុតឡេន Lyndon Dykes និង Sam Field ទាំង២នាក់បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ទៀតពីការប្រកួតក្នុងតង់ទីពីរដើម្បីបញ្ចប់ការទទួលជ័យជម្នះ ៤–០ របស់ QPR ទៅលើ Leeds។
លោក Daniel Farke អ្នកចាត់ការទូទៅរបស់ក្រុម Leeds បានងាកទៅប្រើប្រាស់កីឡាករបម្រុងរបស់គាត់ដើម្បីព្យាយាម និងមានឥទ្ធិពលលើការប្រកួត ហើយគឺជាកីឡាករបម្រុងម្នាក់ក្នុងចំណោមកីឡាករខ្សែប្រយុទ្ធ Mateo Joseph ដែលបានបងង្ហាញខ្លួនល្អដោយឃើញការប៉ុនប៉ងស៊ុតបាល់ចម្ងាយរបស់គាត់ ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី Asmir Begovic របស់ QPR។
លទ្ធផលនេះធ្វើឲ្យ Leeds United បន្តឈរលេខ២នៅ Championship មាន៩០ពិន្ទុ ក្នុង៤៥ប្រកួត ចាញ់ក្រុមលេខ១ Leicester ដែលមាន៩៤ពិន្ទុ ក្នុង៤៤ប្រកួត។ ចំណែក QPR ឈរលេខ១៦មាន៥៣ពិន្ទុ។
គួរបញ្ជាក់ថា ការប្រកួតនៅ Championship របស់អង់គ្លេសគឺយក២ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ (លេខ១ និងលេខ២) បានឡើងទៅលេងនៅលីកកំពូលដោយស្វ័យប្រវត្តិ ខណៈ៤ក្រុមទៀតដែលមានពិន្ទុខ្ពស់ចាប់ពីលេខ៣ដល់៦ត្រូវលេខ Play-off ដើម្បីប្រជែងកៅអី១ឡើងទៅកាន់ Premier League ដែរ ៕ (រូបភាព ៖ BBC/CNA)