ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋគ្រប់រូប នៃគ្រប់សាសនា និង គ្រប់និន្នាការនយោបាយ បន្តចូលរួមជាមួយគ្នាដោយឈរលើស្មារតីជាតិនិយម ដើម្បី សម្រេចបាននូវគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើនជំនាន់តរៀងទៅ
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ដែលមានចំនួន ៥.១៨៧នាក់
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ។
មានប្រសាសន៍ក្នុងពិធីដ៏មហោឡារិក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូ ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈជាច្រើនក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យក្នុងការអនុវត្តអនុសាសន៍ គន្លឹះទាំងនេះ ជាពិសេសចំណុចដែលសម្តេចធិបតីបានដាក់ចេញនាពេលចុងឆ្នាំ២០២៣ កន្លងទៅនេះ មានដូចជា (១). បានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ពី២០២ ដល់ ២០៤ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយបើបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិក ក្នុងមួយខែ។ (២). បានពង្រីក របបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍ ដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ (៣). បានដាក់ឱ្យអនុវត្តនូវកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់ ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺអាចចូលរៀនដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ ដោយឡែកយុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាច ចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយ ពិតប្រាកដមុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន។ (៤). បានជំរុញឱ្យវិស័យឯកជន ទទួលយកសិក្ខាកាម សិស្ស និស្សិតហាត់ការនៅកន្លែងធ្វើការងារ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងបទពិសោធន៍ ដែលមាន
នៅរោងជាង វិទ្យាស្ថាន និងមជ្ឈមណ្ឌល ទៅនឹងការអនុវត្តជាក់ស្តែងនៅតាម សហគ្រាស គ្រឹះស្ថាន។
(៥). បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពបើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមាន ផ្ទៃពោះ មុនពេល
សម្រាលកូន និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤លើក ដោយ ១លើក ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូន ចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និង
បញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។ ក្រៅពីនេះ រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ចលនាប្រឡងប្រណាំង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ការបង្កើតឱ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធនានា, ការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមាន
ការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី ដោយរួមបញ្ចូលទាំងការគិតគូរអំពីកត្តាអនាម័យ រំហូរខ្យល់ និងសីតុណ្ហភាពទាំងនៅកន្លែងហូបបាយ និងកន្លែងធ្វើការឱ្យបានល្អ ជាពិសេសនៅរដូវប្រាំង ការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេសនិងផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ និងកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់ បងប្អូន
កម្មករនិយោជិត និងពលកទេសន្តរប្រវេសន៍អាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ សមត្ថភាពនិងកម្រិតជំនាញ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាពលករ
ទេសន្តរប្រវេសន៍ ។
សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា តាមរយៈគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយធានាបាន
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវធនធានមនុស្ស និងការដាក់ចេញនូវគោលនយោបាយអំណោយផលនានាដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសវិនិយោគប្រកបដោយបរិយាប័ន្ន ហើយបានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជាពិសេស បងប្អូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅគ្រប់ដំណាក់កាល បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ
និងបានជួយកែប្រែជីវភាពរស់នៅ ប្រាក់ចំណូល និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត រួមទាំងការទទួលបាននូវកិច្ចគាំពារសង្គមកាន់តែប្រសើរ មានឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ។
ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបន្តដើរតួនាទីប្រៀបបានទៅនឹងអាណាព្យាបាលរបស់គូស្វាមីភរិយាមួយគូគឺនិយោជក និងកម្មករ-និយោជិត តាមបណ្តារោងចក្រសហគ្រាស ដើម្បីរក្សាបាននូវសុខដុមនីយកម្ម តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ រក្សាបាននូវភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីព ជាអាទិ៍ថា (១). ត្រូវចូលរួមអនុវត្តច្បាប់ និង ពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់ ។ (២). ត្រូវខិតខំ ពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ និង លិខិតបទដ្ឋានពាក់ព័ន្ធ ក្នុងវិស័យការងារ ដើម្បីបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមាន តម្លាភាព ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ។ ៣. ត្រូវយកចិត្តទុកដាក់ និងចូលរួម ក្នុងកិច្ចការវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវចាត់ទុករោងចក្រ សហគ្រាសជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក ។
ក្នុងឱកាសនោះផងដែរ សម្តេចមហាបវរធិបតី បានថ្លែងអរគុណដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើញត្តិគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ផ្ទាល់បានប្តេជ្ញាបន្តស្នាដៃ និងជំរុញ បន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនេះ ឱ្យសម្រេចបានទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។ ជាមួយគ្នា សម្តេចធិបតី ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប នៃគ្រប់សាសនា និងគ្រប់និន្នាការនយោបាយ បន្តចូលរួមជាមួយគ្នាដោយឈរលើស្មារតីជាតិនិយម ដើម្បីសម្រេចបាននូវគម្រោងជាប្រវត្តិសាស្ត្រមួយនេះ សម្រាប់បន្សល់ទុកជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើនជំនាន់តរៀងទៅ ៕
ដោយ ៖ សិលា