ខេត្តកណ្តាល៖ ជនល្មើសម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនល្មើសខាងលើនេះធ្វើសកម្មភាពលួចទូកស្មាច់អ្នកស្រុកចំនួន២គ្រឿងជិះគេចខ្លួនតែមិនបានសម្រេច ។
ករណីលួចទូកនេះបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនល្មើសឈ្មោះ ឈ្មោះ ម៉ាត់ រហ្វាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រីឯបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួននោះទី១-ឈ្មោះ ស្លេះ លី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទី២-ឈ្មោះ ទីន រីត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំ/កើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺនៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះបានបើកទូកស្មាច់០២គ្រឿងទៅទុកនៅមាត់ទឹកខាងមុខផ្ទះដោយចងជាប់បង្គោលត្រឹមត្រូវ ហើយក៏ចូលទៅដេកបានទៅ ។ លុះដល់វេលាទៀបភ្លឺស្រាប់តែឮសម្លេងទូកបញ្ឆេះបើកចេញពីមាត់កំពង់ ។ ភ្លាមៗនោះជនរងគ្រោះនិងក្រុមគ្រួសារបានប្រញាប់ប្រញ៉ាលចេញទៅមើលបាត់មិនឃើញទូកនៅកន្លែងទូក ក៏បើកទូកផ្សេងទៀតតាមរហូតប្រទះឃើញជនសង្ស័យ២នាក់បើកទូករត់គេចខ្លួនម្នាក់មួយគ្រឿង ហើយជនរងគ្រោះក៏បានបើកទូកតាមរហូតចាប់បានជនសង្ស័យម្នាក់ ខណៈជនសង្ស័យម្នាក់ទៀតលោតចូលទៅក្នុងទឹកហែលគេចខ្លួន ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ជនរងគ្រោះជាម្ចាស់ទូកបានរាយការណ៍ប្រាប់សមត្ថកិច្ច និងបានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ