សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ទីក្រុងប៉ារីសបានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសបារាំង នៅថ្ងៃទី៦ និងទី៧ ខែឧសភា ដោយបញ្ហាអ៊ុយក្រែននិងមជ្ឈិមបូព៌ា ត្រូវគេរំពឹងថា ស្ថិតនៅអាទិភាពខ្ពស់ ក្នុងរបៀបវារៈ។
ការិយាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក ស៉ី គឺធ្វើឡើងក្នុងឱកាសខួបទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងក្រោយពេលលោក Macron បានទៅបំពេញទស្សនកិច្ចនៅឯទីក្រុងប៉េកាំង កាលពីខែមេសា ឆ្នាំ២០២៣។ វាគឺជាទស្សនកិច្ចដំបូងបំផុតរបស់លោក ស៉ី មកកាន់តំបន់អឺរ៉ុប គិតចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩។
យោងតាមការិយាល័យ Elysee កិច្ចពិភាក្សារវាងលោក ស៉ី និងលោក Macron គឺនឹងផ្តោតទៅលើវិបត្តិអន្តជាតិ ជាពិសេសសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏ដូចជាបញ្ហាការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិផ្នែកវិទ្យាសាស្រ្ត វប្បធម៌ និងកីឡា។ ដោយឡែក បើតាមក្រសួងការបរទេសចិន ក្រៅពីប្រទេសបារាំង លោកប្រធានាធិបតីចិន ក៏នឹងឆ្លៀតចូលបំពេញទស្សនកិច្ច នៅឯប្រទេសស៊ែប៊ីនិងហុងគ្រី ផងដែរ៕
រូបថត: AP