ភ្នំពេញ ៖ ខ្ញុំបាទមានកិត្តិយសដោយបានអមដំណើរជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម ហ៊ុន ម៉ានិត ដើម្បីទទួលស្វាគមន៍ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការសោយព្រះក្រយាប្រកបដោយភាតរភាព និងភាពស្និទ្ធស្នាល។ នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ បានបង្ហាញពីទំនាក់ទំនងប្រកបដោយភក្តីភាព និងភាពជិតដិតជាបងប្អូន ក៏ដូចជាការផ្តល់ឱកាសដល់យើងខ្ញុំ ដែលជាកូនៗ ដើម្បីបន្តទំនាក់ទំនង រឹតចំណងមិត្តភាពជាបងជាប្អូននេះបន្តពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំ។ ចំណងមិត្តភាពដ៏ស្អិតរមួតនេះ មិនត្រឹមតែបានសបញ្ជាក់ពីភាតុភាពរវាងបុគ្គល និងបុគ្គល ដែលជាថ្នាក់ដឹកនាំប្រទេសជាតិ តែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីអនាគតនៃភាពសុខដុម ភាពសុខសាន្ត រុងរឿង នៃប្រជាជាតិទាំងពីរផងដែរ។
សូមបញ្ជាក់ថា ៖ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ បានយកព្រះទ័យគោរព និងផ្តល់តម្លៃដល់ ចំណង មិត្តភាពនេះខ្លាំងណាស់។ កាលពីឆ្នាំ២០១១ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមព្រះរាជកម្មវិធីរបស់ព្រះអង្គនៅប្រទេសប្រុយណេ ព្រះចៅស៊ុល បានយាងបើករថយន្តមកទទួលសម្តេចតេជោដោយផ្ទាល់ពីព្រលានយន្តហោះផងដែរ។
តាមរយៈព្រះរាជដំណើរយាងមកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នៅ ពេល នេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់ និងជម្រៅដ៏សែនជ្រៅ ចំពោះ ចំណង មិត្តភាពមួយនេះ។
ក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក គឺកម្រមានការរាប់អានបែបនេះណាស់។ ចំណងមិត្តភាពនេះអាចរឹងមាំទៅបាន ក៏ដោយសារតែមេដឹកនាំដែលប្រៀបដូចជាដួងតារា នៅអាស៊ាន ផ្តល់ការគោរពឱ្យគ្នា មានទស្សនៈនយោបាយ និងទស្សនៈនយោបាយ ប្រហាក់ ប្រហែលគ្នា៕