ភ្នំពេញ៖ នារសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមូលនិធិ CIESF ដឹកនាដោយលោក OKOBO Hideo ស្ថាបនិកមូលនិធិ CIESF និងមានការចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ស្ថាបនិកមូលនិធិ CIESF បានលើកឡើងអំពី (១). ការរក្សាពេលវេលាសម្រាប់រៀបចំការបង្រៀន(២).ការរក្សាពេលវេលាសម្រាប់ការណែនាំ ធ្វើនិក្ខេបបទ ដោយត្រូវបង្កើត “ម៉ោងណែនាំនិក្ខេបបទ” (មានក្រេឌិត) ជាមុខវិជ្ជាផ្លូវការរៀងរាល់ឆមាស ដើម្បីរក្សាម៉ោងណែនាំប្រចាំសប្តាហ៍ (៣). ការរៀបចំបរិយាកាសស្រាវជ្រាវសម្រាប់និស្សិត ដោយគួររៀបចំបណ្ណាល័យអេឡិចត្រូនិក សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ដែលប្រមូលទាំងឯកសារជាតិ និងអន្តរជាតិ (៤). ការជ្រើសរើសសាស្ត្រាចារ្យពេញម៉ោង ដើម្បីបង្កើនគុណ ភាពនៃការបង្រៀន។ ជាមួយនេះដែរ ភាគីមូលនិធិ CIESF បានបង្ហាញនូវការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តការលើកកម្ពស់ការងារអប់រំ លើការបណ្តុះបណ្ដាលគរុនិស្សិតកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ កម្មវិធីចុះកម្មសិក្សារបស់គរុនិស្សិត និង ការចុះអធិការកិច្ចរបស់គ្រូបង្រៀន។
ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួមគាំទ្រលើកកម្ពស់គុណភាពនៃការអប់រំរបស់វិទ្យាស្ថានគរុកោសល្យកន្លងមកនិងបានបង្ហាញនូវការគាំទ្រចំពោះ ការលើកឡើងរបស់លោក ស្ថាបនិកមូលនិធិ CIESF ដោយគូសបញ្ជាក់ថា កន្លងមកក្រសួងអប់រំបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់ការសិក្សាស្រាវ ជ្រាវរបស់គរុនិស្សិតដោយបានរៀបចំបណ្ណាល័យអេឡិច ត្រូនិករួចរាល់ហើយ នៅឡើយចំនួនសៀវភៅឯកសារក្នុងនោះនៅមានកម្រិត។ ទន្ទឹមនេះ ក្រសួងក៏បាននិងកំពុងចាត់វិធានការធ្វើបច្ចុប្បន្នភាពឯកសារមេរៀនជា ប្រចាំ ឱ្យស្របតាមស្តង់ដាបច្ចុប្បន្ន និងជ្រើសរើសគ្រូ បង្រៀនពេញម៉ោង ដែលមានកេរ្តិ៍ឈ្មោះ បទពិសោធន៍ខ្ពស់ដើម្បីបង្កើនគុណភាពសិក្សាក៏ដូចជាមានពេល វេលាគ្រប់គ្រាន់សម្រាប់ជួយគាំទ្រសិស្សលើបញ្ហាផ្សេងៗ។
ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ មួយចំនួន បន្ថែមទៀតដូចជា(១). សូមឱ្យគ្រូតាមមុខវិជ្ជារៀបចំកម្មវិធីសិក្សា (Syllabus) ដោយកំណត់សៀវភៅដែលចាំបាច់ត្រូវអាននិងសៀវភៅ អានដើម្បីបំពេញបន្ថែមចំណេះដឹងនិងមានវិធីសាស្ត្រ ពិនិត្យតាមដានជាប្រចាំដើម្បីពង្រឹងទម្លាប់នៃការអាន ឬសិក្សាស្រាវជ្រាវដោយខ្លួនឯង(២). ត្រូវមានការណែនាំអំពីការសរសេរនិក្ខេបបទ (Guideline) ចាប់ពីចំណុចចាប់ផ្តើមដល់បញ្ចប់និក្ខេបបទទាំងមូល(Conceptual Framework) សិស្សត្រូវកំណត់វិធីសាស្ត្រសិក្សាស្រាវ ជ្រាវ (Research Methodology) និង របៀបឡើងការពារនិក្ខេបបដោយខ្លួនឯង (៣). ត្រូវបន្តពង្រឹងសមត្ថភាពភាសាអង់គ្លេស និង បង្កើតយន្តការវាយតម្លៃឱ្យកាន់តែមានប្រសិទ្ធភាព ( វាយតម្លៃដោយសិស្ស និងគ្រូបង្រៀនដូចគ្នា)។
គួរបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមូលនិធិ CIESF លើការអនុវត្តគម្រោងសៀវភៅព័ត៌មានត្រឡប់ (កំណត់ផ្តល់មតិស្ថាបនា), ការបណ្ដុះបណ្តាលសហគ្រិន និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ៕