ខេត្តព្រះសីហនុ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជា គ្មានគោលការណ៍ណាមួយឱ្យយកប្រទេសរបស់ខ្លួនធ្វើជាមូលដ្ឋានដើម្បីឱ្យប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ ពោលគឺកម្ពុជា ត្រូវមានសាមគ្គីភាពជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ព្រោះកម្ពុជាចង់បានសុខសន្តិភាព មិនចង់បានសង្រ្គាមដូចកាលពីអតីតកាលនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំទៅអ្នកនយោបាយមួយចំនួន កុំយកបញ្ហាសេដ្ឋកិច្ចសង្គមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ ទៅផ្សាភ្ជាប់នឹងរឿងនយោបាយនិងកងទ័ពឱ្យសោះ ពីព្រោះថា នាវាចម្បាំងដឹកយន្តហោះ មិនអាចធ្វើដំណើរចូលតាមព្រែកជីកនេះបានឡើយ។
ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវដល់ជនរួមជាតិទាំងអស់រួបរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ប្រទេសជាតិ និងបញ្ចៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មីម្តងទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណសាជាថ្មី ដល់ពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋកម្ពុជារស់នៅទូទាំងពិភពលោក ដែលបានចេញសារគាំទ្រនូវគម្រោងប្រវត្តិសាស្រ្ដ ព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍ជាតិមួយនេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ព្រែកជីកហ្វូណន-តេជោ បានភ្ជាប់ដង្ហើមកសិករនៅខេត្តក្រចេះ តាមបណ្ដោយទន្លេសាប ដើម្បីដឹកទំនិញចេញមកក្រៅ ចំណែកទំនិញនាំចូលពីពិភពលោក ហើយត្រូវនាំចូលទៅកាន់ក្រុងភ្នំពេញ ឬទៅកាន់ខេត្តក្រចេះ នៅថ្ងៃក្រោយយើងអាចដឹកតាមព្រែកជីហ្វូណន-តេជោនេះបាន។
សម្ដេចធិបតីបានបន្ថែមថា ក្រៅពីនេះគម្រោងព្រែកជីកហ្វូណន-តេជោ បានផ្ដល់សារៈសំខាន់ សម្រាប់ទេសចរណ៍ចូលមកកាន់កម្ពុជា ថ្ងៃក្រោយនៅពេល Cruise line (ក្រុមហ៊ុននាវាចរណ៍) ចូលមកកាន់កម្ពុជា អាចឲ្យទេសចរណ៍បន្ដដំណើរទៅកាន់ក្រុងភ្នំពេញប ន្ដដំណើរទៅកាន់ក្រុងសៀមរាប ទៅលេងអង្គរវត្តតាមផ្លូវទឹកបាន ក៏ព្រោះថា ប្រសិនបើនាវាទេសចរណ៍ចូលចតភាគច្រើននៃទេសចរណ៍ ពុំសូវនៅលេងកំសាន្ដយូរនោះទេព្រោះថា ពួកគាត់បានធ្វើដំណើររយៈពេលយូរ និងបានដើរកំសាន្ដតាមផែរ តាមឆ្នេរសមុទ្រ តាមបណ្ដាប្រទេសផ្សេងៗក៏ច្រើនផងដែរ បច្ចុប្បន្នយើងអាចធ្វើដំណើរពីភ្នំពេញ ទៅកាន់អង្គរវត្តមានកាណូតល្បឿនលឿន តែផ្លូវទឹកមកក្រុងព្រះសីហនុពុំមាននោះទេ ដូច្នេះប្រសិនបើថ្ងៃក្រោយយើងអាចភ្ជាប់ពីក្រុងព្រះសីហនុទៅបាននោះគឺល្អ ហើយយើងនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ ដែលបានចូលមកកាន់កម្ពុជានៅបានរយៈពេលយូរ៕