សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ “សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ” ដែលដាក់ទុនជិត ៣៧លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ឧសភា ២០២៤ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ពិធី “ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ”។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែង​ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន ៦ បូករួមទាំងរោងចក្ររោងចក្រដំឡើងរថយន្តរបស់តូយ៉ូតា ដែលសម្ពោធនៅព្រឹកនេះ មានទុនជិត ៣៧លានដុល្លារ។

-សម្តេចធិបតី ថ្លែង​ថា ការបង្កើតរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានៅកម្ពុជា គឺជាឱកាសក្នុងការផ្ទេបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនមកកម្ពុជា។

-សម្តេចធិបតី ថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ បានចូលរួមសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា។

-សម្តេចធិបតី ថ្លែងអំណរគុណក្រុមហ៊ុនតូយ៉ូតា ដែលបាន​ពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយនឹងការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។

-សម្តេចធិបតី សង្ឃឹមបានជួបឯកអគ្គរាជទូតជប៉ុន ក្នុងពិធីផ្សេងៗជាច្រើនទៀត ព្រោះជំនួបតែងមានសមិទ្ធផល។

-សម្តេចធិបតី ថ្លែងអំណរគុណឯកអគ្គរាជទូតជប៉ុន ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការជួយជ្រោមជ្រែង ឱ្យគម្រោងបង្កើតរោងចក្រនេះ លេចជាសមិទ្ធផលជាក់ស្តែង នាពេលនេះ ។
-សម្តេចធិបតី ថ្លែងថា រោងចក្រដំឡើងរថយន្តនេះបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១,៣២០ គ្រឿង សម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ ទី១៖ ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និង ទី២៖ ប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ចំនួន ១០៣០គ្រឿង។

-សម្ដេចធិបតី​ ថ្លែង​លើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ អាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់។

-សម្តេចធិបតី ប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជឿជាក់ និងមានទំនុកចិត្តចំពោះកម្ពុជា បានបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

-សម្តេចធិបតី ប្រកាសលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនដែលទើបវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា សូមចូលរួមប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងប្រទេសកម្ពុជាដែលកំពុងមានស្រាប់។

-សម្តេចធិបតី ថ្លែង​ថា ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រាជរដ្ឋភិបាលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

-សម្តេចធិបតី ថ្លែងថា​ បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ការអនុវត្ត និងអភិវឌ្ឍន៍វិស័យកម្មន្តសាល ដូច្នេះកម្ពុជាត្រូវមានសមត្ថភាពក្នុងការផលិត ផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចដើម្បីនាំចេញ។

-សម្តេចធិបតី ប្រកាសស្វាគមន៍វិស័យឯកជន និងក្រុមហ៊ុនរបស់ជប៉ុន បន្តមកវិនិយោគ និងបណ្ដាក់ទុននៅកម្ពុជាបន្តទៀត។

-សម្តេចធិបតី ថ្លែងថា រោងចក្រដំឡើងរថយន្តតូយ៉ូតា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្ម នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាទៀតផង។

-សម្តេចធិបតី ថ្លែងថា ក្រុមហ៊ុនតូយ៉ូតាមានវត្តមាននៅកម្ពុជាតាំងពីសម័យអ៊ុនតាក់ ហើយក្លាយជានិម្មិតរូបនៃការរីកចម្រើនលើអាជីវកម្មរបស់ខ្លួន។

-សម្តេចធិបតី ថ្លែងថា កម្ពុជាមិនមែនចង់បានត្រឹមការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យក អាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា»។

-សម្តេចធិបតី ថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលនីតិកាលកន្លងមក បានសម្រេចជាសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច-សង្គម តាមរយៈការអនុវត្តប្រកបដោយជោគជ័យលើ ផែនការយុទ្ធសាស្ត្រនានារបស់ខ្លួន។ ជាពិសេសស្ថិរភាពនយោបាយ, វឌ្ឍនភាពសង្គម, ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងជីវភាពសុខមាលភាពរបស់ប្រជាជន កាន់តែត្រូវបានធ្វើឱ្យប្រសើរឡើង។

-សម្តេចធិបតី ថ្លែងថា វត្តមានរោងចក្រតូយ៉ូតានាពេលនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ និង កិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងកម្ពុជាជាមួយភាគីមិត្តជប៉ុន។

-សម្តេចធិបតី ថ្លែងថា ជប៉ុន​ បានរួមចំណែកជាច្រើនក្នុងដំណើររបស់កម្ពុជា មានដូចជាការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី ១ ដែលទទួលវត្តមានទ័ពជប៉ុន នៅក្រៅប្រទេសជប៉ុន ក្នុងបេសកកម្មទ័ពមួកខៀវ បន្ទាប់ពីសង្គ្រាមលោកលើកទី២។

-សម្តេចធិបតី ថ្លែងថា ជប៉ុនពីប្រទេសផ្ទុងផ្តើមផ្ដល់ជំនួយអន្តរជាតិមកកម្ពុជា, ជាប្រទេសផ្តល់ជំនួយ ឧបត្ថម្ភគាំទ្រ, ទាំងថវិកា និង បច្ចេកទេសច្រើនជាងគេ ក្នុងការស្តារ និង អភិវឌ្ឍប្រទេស កម្ពុជាឡើងវិញបន្ទាប់ពីការខ្ទេចខ្ទាំដោយសង្គ្រាមជាង ២ទសវត្សរ៍, មកជាប្រទេសវិនិយោគកើនឡើងឥតឈប់ និង បន្តបន្ទាប់ទៀត។

-សម្តេចធិបតី ថ្លែងថា កម្ពុជាមានរោងចក្រដំឡើងរថយន្ត សរុបចំនួន​៦, ដោយចំនួន៤កំពុងដំណើរការ និងចំនួន ២ទៀត ក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំង​ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និង រាជធានីភ្នំពេញ។

-សម្តេចធិបតី ថ្លែងថា សម្តេចពិតជាមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និង ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា, យើងនឹងបន្ត ទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត។

-សម្តេចធិបតី ថ្លែងថា កម្ពុជានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់។

-សម្តេចធិបតី ថ្លែងថា ចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅ​កម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញ ស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាប័ន្ន, ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល សមស្រប និង ជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋ។

-សម្តេចធិបតី ថ្លែងថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្ខំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

-សម្តេចធិបតី ថ្លែងថា ដើម្បីអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន៥រួមមាន៖ ១- យុទ្ធសាស្ត និង ការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម និង ៥- បរិយាកាសធុរកិច្ច និង ការវិនិយោគ។

-សម្តេចធិបតី ថ្លែងថា តាមរយៈក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ ជាការផ្តល់ឱកាសផ្ទេរបច្ចេកវិទ្យាយានយន្តដល់ពលរដ្ឋកម្ពុជា។ សម្តេចធិបតី ស្នើក្រុមហ៊ុនផ្តល់ឱកាសសិក្សាពីក្នុងរោងចក្រដល់យុវជនកម្ពុជា។

-សម្តេចធិបតី ថ្លែងថា កម្ពុជាមិនអាចស្ថិតនៅត្រឹមជាប្រទេសនាំចេញវត្ថុធាតុដើមនោះទេ តែកម្ពុជាត្រូវមានសមត្ថភាពផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់កំណើនជីវភាពប្រជាពលរដ្ឋ។

-សម្តេចធិបតី ថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ ដើម្បីបំពេញតាមតម្រូវការ និងលើកទឹកចិត្តសម្រាប់ការវិនិយោគ។

-សម្តេចធិបតី ថ្លែងថា ការធ្លាក់ចំណូលពន្ធពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញ ធ្លាក់ចំណូលគយ តែបានចំណូលទៅលោក គង់ វិបុល អគ្គនាយកពន្ធដារ។

-សម្តេចធិបតី ថ្លែងថា រថយន្តដែលសម្តេចជិះមុនគេ គឺរថយន្តហាយលុចវីហ្គោ។ សម្តេចជិះជាង១០ឆ្នាំហើយ នៅតែជាប់មាំ។

-សម្តេចធិបតី ថ្លែងថា រថយន្តតូយ៉ូតាមាំ ហើយមានគ្រឿងបន្លាស់ងាយស្រួលសម្រាប់ការជួសជុល។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អជិះ និងមានតម្លៃទាប។

-សម្តេចធិបតី ថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។

-សម្តេចធិបតី ថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។

-សម្តេចធិបតី បង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។

-សម្តេចធិបតី ថ្លែងថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយមុនធ្វើអ្វីមួយក្រុមហ៊ុនបានគិតគូរល្អិតល្អន់ណាស់។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នឹងក្លាយទៅជាចលករចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា។

-សម្តេចធិបតី បានលើកឡើងថា ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។

-សម្តេចធិបតី ថ្លែងថា មានអ្នកខ្លះសើចចំអកនយោបាយជំហានគីង្គក់ តែពេលអ្នកឯងសើចគីង្គក់ គីង្គក់លោតទៅមុខជានិច្ច។

-សម្តេចធិបតី ថ្លែងថា កម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលទេ តែកម្ពុជាត្រូវគិតគូរលើការផលិតផ្នែកណាមួយនៃយន្តហោះ ដើម្បីបង្កើនផលិតភាពផលិតកម្ម។

សូមជម្រាបថា​ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង​ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម២។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ​ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។

ក្រៅពីរោងចក្ររបស់ក្រុមហ៊ុនតូយ៉ូតា បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន៥រួចមកហើយរួមមាន៖

...

ទី១៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។
ទី២៖ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។
ទី៣៖ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។
ទី៤៖ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។
ទី៥៖ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print