គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសិក្សាដោយអ្នកជំនាញជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីនិងពីលើអាកាស

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។

បើតាមការអះអាងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យថា ក្រោយគម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន ធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក CNBC លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដែលមានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។

គម្រោងនេះ ដែលមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ដែលត្រូវបានប្រើប្រាស់តាំងពី២ពាន់ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ៣ពាន់តោនអាចធ្វើចរាចរបានតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងផងដែរថា ការអភិវឌ្ឍគម្រោងនេះ មិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ដ្បិតថា ការសាងសង់ព្រែកជីកនេះ កម្ពុជា នឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ។
សូមបញ្ជាក់ថា ៖ « គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើនណាស់នៅខេត្តតាកែវ ដូច្នេះទឹកអាចហូរចូលយើងធ្វើទ្វារទឹកចំនួន១៥ថែមទៀត ប្រឡាយដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់យើង បើយើងចង់ទុកក៏យើងបិទវាទៅបើច្រើនពេកបើកទ្វារឱ្យហូរចូលសមុទ្រទៅបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ឋយើង១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះលោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ យើងមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »។
សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print