នាយកគ្រប់គ្រងរបស់រុស្ស៊ីនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Aleksei Mozhin បាននិយាយថា ចំណាត់ការរបស់លោកខាងលិចក្នុងការបង្កកនិងរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីជាង300 ពាន់លានដុល្លារ គឺជា “ការលួចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ” ។
ចែករំលែកជាមួយកាសែត Ria Novosti នាយកគ្រប់គ្រងរបស់រុស្ស៊ីនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) Aleksei Mozhin បានសង្កត់ធ្ងន់ថា “ទុនបម្រុងរបស់យើងត្រូវបានលួច ហើយនេះគឺជាការលួចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ”។
លោក Mozhin បានចង្អុលបង្ហាញថា តាមពិតទៅអុីរ៉ង់ វេណេហ្ស៊ុយអេឡា និងអាហ្វហ្គានីស្ថាន ក៏ប្រឈមមុខនឹងសកម្មភាពស្រដៀងគ្នារបស់បស្ចិមប្រទេសដែរ ប៉ុន្តែមិនដែលមានករណីបង្កកច្រើនជាង៣០០ ពាន់លានដុល្លារដូចរុស្ស៊ីទេ។
នាយកគ្រប់គ្រងរបស់រុស្ស៊ីនៅ IMF បានកត់សម្គាល់ថា ពិភពលោកទាំងមូលកំពុងឃ្លាំមើលស្ថានការណ៍ ហើយការផ្លាស់ប្តូរពីលោកខាងលិចបង្ហាញយ៉ាងច្បាស់ថា ប្រទេសណាមួយក្នុងពិភពលោកអាចត្រូវបានគេចាត់ទុកដូចគ្នានេះ។
យោងតាមលោក បច្ចុប្បន្ននេះលោកខាងលិចកំពុងស្នើឱ្យចេញមូលបត្របំណុលដែលមានរយៈពេល 30 ឆ្នាំ ធានាដោយទ្រព្យសម្បត្តិដែលលោកខាងលិចកំពុងរារាំងពីរុស្ស៊ី និងប្រើប្រាស់ប្រាក់ចំណូលដើម្បីផ្តល់ការគាំទ្រដល់អ៊ុយក្រែន។
កន្លងមក យោងតាមការគណនាពីបណ្តាញ Al Jazeera ទ្រព្យសម្បត្តិរដ្ឋាភិបាលរុស្ស៊ីប្រមាណ 300 ពាន់លានដុល្លារត្រូវបានជាប់គាំងនៅក្នុងគណនីលោកខាងលិចចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2022 ៕ ដោយធីរីណា
រូបថត:RIA NOVOSTI