ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតរំលែកមរណទុក្ខ
ផ្ញើជូន លោកជំទាវ លាង ហៃ ព្រមទាំងក្រុមគ្រួសារ
លោកជំទាវ ជាទីរាប់អាន!
ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលជាស្វាមីរបស់ លោកជំទាវ លោកបានទទួល មរណភាព នៅថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១:០០នាទីរសៀល ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម ជាវ តាយ គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្ត ជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមមួយរូប ដែលពោរពេញដោយ ឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈជារៀងរហូតមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជាវ តាយ សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕