ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលនេះ ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ឧសភា ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី“ សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ”នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ទាំងក្របខណ្ឌរដ្ឋ និងឯកជន ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលសូមប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការគោរពសេរីភាពនៃសារព័ត៌មាន ខណៈសារព័ត៌មានជាអំណាចទីបួន ហើយត្រូវរួមគ្នាជា មួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
-សម្តេចធិបតី ថ្លែងសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ គប្បីគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយកុំតាំងខ្លួនឯងជាតុលាការ ខណៈការផ្សព្វ ផ្សាយខ្លះហាក់បីដូចជាហួសនឹងវិជ្ជាជីវៈរបស់ខ្លួន ដោយស្រង់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ និងគ្រប់ ភាគីនោះ។
-សម្តេចធិបតី ថ្លែងថា ដើម្បីឲ្យអំណាចទីបួនមានឥទ្ធពលដល់សារព័ត៌មានពិតនោះ គឺយើងត្រូវធ្វើព័ត៌មានប្រកបដោយវិជ្ជាជីវៈ ព័ត៌មានពិត សុក្រឹត្យ និងច្បាស់លាស់ ដោយពុំមែនជារឿងប្រឌិតនោះឡើយ។
-សម្តេចធិបតី ថ្លែងអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់យកលុយគេឲ្យសោះ ខណៈទង្វើបែបនេះវានឹងធ្វើឲ្យប៉ះពាល់ដល់អ្នក សារព័ត៌មានដទៃទៀត ហើយមួយវិញទៀតការធ្វើបែបនេះក៏វាអាចបាត់បង់នូវឥទ្ធិលនៃអំណាចទីបួនរបស់ អ្នកសារព័ត៌មានផងដែរ។
-សម្តេចធិបតី ថ្លែងថា ជំនួបជាមួយបងប្អូនអ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់បន្ថែម និងបញ្ហាកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបាននឹងកំពុងជួបបញ្ហាប្រឈមនៅក្នុងប្រតិបត្តិការការងាររបស់ខ្លួនក៏ដូចជាស្ថានភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល។
-សម្តេចធិបតី ថ្លែងអំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងនូវព័ត៌មានក្លែងក្លាយ ឬក៏Fake News ខណៈព័ត៌មានបែបនេះវានឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
-សម្តេចធិបតី ប្រកាសផ្តាំទៅសារព័ត៌មាន The Cambodia Dailyថា មានចេតនាអ្វីឲ្យពិតប្រាកដ ខណៈការផ្សព្វផ្សាយរបស់សារព័ត៌មានដែលបម្រើឲ្យបរទេសមួយនេះ បានផ្សាយបង្ខូចកិត្តិយសសម្តេច និងក្រុមគ្រូសារ ដោយព័ត៌មាននេះបានប្រឌិតរឿងផ្សាយថាឯកឧត្តម គុណ ញឹម យកលុយមកសូកប្រពន្ធសម្តេច ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨»នោះ។
-សម្តេចធិបតី ថ្លែងអំណរគុណចំពោះព័ត៌មានទាំងអស់ទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជនដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
នាឱកាសទិវាសេរីភាពពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី ឆ្នាំ២០២៤ គឺជាឆ្នាំដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវរៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រៈ និងការបំពុលខ្យល់បានធ្វើឱ្យមនុស្ស ៨៥ ភាគរយនៅក្នុងតំបន់ប្រឈម និងហានិភ័យនៃការប៉ះពាល់កាន់តែខ្លាំង។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកត្តាគន្លឹះមួយនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថាន។
-សម្តេចធីបតី ធ្វើការកត់សម្គាល់ថា ៖« លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងមានសណ្តាប់ធ្នាប់ល្អ ហើយភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។
បេីតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា បានថ្លែងថា ពិធីសំណាលជាមួយអ្នកសារព័ត៌មាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបង្កើតឱ្យមានជំនួបប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។ លោកបញ្ជាក់ថា៖«ជំនួបដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំជាលើកដំបូងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ហើយជំនួបលើកនេះ គឺជាជំនួបលើកទី៦ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យនេះ អាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ន ដែលមានការចូលរួមសរុបប្រមាណ ៥ពាន់នាក់»។
ការប្រារព្វ ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី សារព័ត៌មាននៅក្នុងភាពប្រឈមនៅក្នុងវិបត្តិបរិស្ថាន ដែលបង្ហាញពីសារៈសំខាន់នៃសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ និងបរិបទនៃបរិស្ថានសាកលនាពេលបច្ចុប្បន្ន។ លោកថ្លែងយ៉ាងដូច្នេះថា៖«អ្នកសារព័ត៌មានកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការរាយការណ៍ព័ត៌មានពាក់ពន្ធបរិស្ថាន ដែលបានកើតមានទៅនឹងការប្រែប្រួលអាកាសធាតុ វិបត្តិបរិស្ថានសាកល និងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុៈ និងបញ្ហាបំពុលបរិស្ថានផ្សេងៗទៀត ដើម្បីបញ្ជ្រាបចំណេះដឹងជូនដល់ប្រជាពលរដ្ឋ ព្រមទាំងវិធានការចាំបាច់នានា»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើសុំរាជរដ្ឋាភិបាលលើកលែងថ្លៃចុះបញ្ជីពាណិជ្ជកម្ម ដែលយោងតាមតារាងតម្លៃសេវាមានតម្លៃ ១៧ម៉ឺនរៀល សម្រាប់អង្គភាពសារព័ត៌មានអនឡាញតូចតាចរយៈពេល៣ឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ និងស្នើសុំគោលការណ៍ដឹកនាំពីសម្តេចធិបតី រៀបចំការវាយតម្លៃ និងផ្តល់គ្រឿងឥស្សរិយយសជូនអ្នកសារព័ត៌មានឆ្នើមដែលគោរពបានក្រមសីលធម៌វិជ្ជាជីវៈ មានស្នាដៃ និងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន៕ដោយ៖ស តារា