សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី៣ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦” ។

មានប្រសាសន៍ក្នុងឱកាសដ៏ពិសេសនោះ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្តល់ថាមពលឱ្យប្រជាជនយើងធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធិភាពអំពីបញ្ហាសង្គម។ 

សម្តេចធិបតី ថ្លែងបន្តថា បងប្អូនសារព័ត៌មានបានបន្តលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា  រាជរដ្ឋាភិបាលសូមប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការគោរពសេរីភាពនៃសារព័ត៌មាន ខណៈសារព័ត៌មានជាអំណាចទីបួន ហើយត្រូវរួមគ្នាជា មួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ គប្បីគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយកុំតាំងខ្លួនឯងជាតុលាការ ខណៈការផ្សព្វ ផ្សាយខ្លះហាក់បីដូចជាហួសនឹងវិជ្ជាជីវៈរបស់ខ្លួន ដោយស្រង់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ និងគ្រប់ ភាគីនោះ។ ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print