ខេត្តកណ្តាល ៖ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានចុះត្រួតពិនិត្យ និងបង្ក្រាបបានបទល្មើសនេសាទ ១ករណី នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានដកហូតនូវវត្ថុតាងរួមមាន ទូកម៉ាស៊ីនចំនួន ១គ្រឿង និងអួនចំនួន ១វង់។
សូមជម្រាបជូនថា ៖ ការធ្វើនេសាទដោយអួនរួមផ្សំ និងម៉ាស៊ីន តាមដងទន្លេ ធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍ត្រី ជាពិសេសពីបឹងទន្លេសាប ទៅកាន់ទន្លេមេគង្គលើ ក្នុងរដូវប្រាំង ដើម្បីធ្វើការបន្តពូជ ពងកូន និង នៅរដូវវស្សាកូនត្រីចរាចរណ៍មកកាន់បឹងទន្លេសាបវិញ ដើម្បីលូតលាស់ធំធាត់។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ប្រជានេសាទ ត្រូវបញ្ឈប់នូវរាល់ សកម្មភាពនេសាទខុសច្បាប់ ជៀសវាងការទទួលទោស តាមច្បាប់ស្តីពីជលផល។
ករណីបងប្អូនបានឃើញការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ខាងលើ សូមផ្តល់ព័ត៌មានមកមន្ត្រីជលផល តាមរយៈទូរស័ព្ទលេខ ០១២ ៩១១ ៤១១, ០៩៩ ៧៩១ ៩១៩, ០១១ ៥២២ ២២៦, ០១២ ៧៧៨ ៩៦៨, ០១២ ៧១៨ ៦៦៦៕