ខេត្តកណ្តាល ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ ការងារជីកស្តារប្រឡាយមេ៩៦ និង ព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង ពី ៨០ ទៅ ១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀស ការ ជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់ រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញ ពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះ ចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។ រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ សម្រេចបានប្រមាណ ៦៥%។
គួរបញ្ជាក់ថា ៖ គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការ ជន់ លិច នៅ ភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំង ជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ។
ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។
ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ។
ទី៤) ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ។
ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ ។
និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕