ខេត្តកំពត÷ កំពង់ផែទេសចរណ៍អន្តរជាតិកំពតត្រូវបានសាងសង់ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជ រដ្ឋាភិបាលដែលមានតម្លៃប្រមាណ ៩,២៧លានដុល្លារអាមេរិក នៅក្នុងស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដី ៤,២៥ ហិកតា។ គម្រោងនេះបានបើកការសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បញ្ជាក់ថា ការចំណាយពេលយូរក្នុងការបើកដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះដោយសារតែត្រូវការក្រុមហ៊ុនដែលមានបទពិសោធន៍ និងមានដើមទុនសម្រាប់ដំណើរការកំពង់ផែនេះ។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានឱ្យដឹងថា «បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបិទបញ្ចប់នីតិវិធីជ្រើសរើសក្រុម ហ៊ុនឯកជន និងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនយោគឯកជនក្នុងកំឡុងត្រីមាសទី២ ឆ្នាំ២០២៤ ហើយគ្រោងបើកដំណើរការបណ្ដោះអាសន្នក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤និងគ្រោងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៤»។
លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបន្តថា ក្រោយពីជ្រើសរើសក្រុមហ៊ុនបាន ក្រុមហ៊ុននឹងរៀបចំបន្ថែមដើម្បីស្ថាផ្លូវទឹកចូលកំពង់ផែ និងបច្ចេកទេសនាវាចរណ៍ ជា មួយនឹងការបំពាក់ឧបករណ៍ជំនួយនាវាចរណ៍ និងការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕