សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បាន​មានប្រសាសន៍​សំខាន់​ៗ​ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែង​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ប្រធាន, អនុប្រធាន និងសមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ដែលបានខិតខំ និងរួមគ្នាអភិវឌ្ឍ និងអនុវត្ត គម្រោងបញ្ជរតែមួយជាតិនេះ រហូតសម្រេចបានជោគជ័យ។

-សម្តេចធិបតី ថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែល អំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវា សាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធ- ភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។

-សម្តេចធិបតី ថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព និងការជឿទុកចិត្ត ពី សំណាក់វិនិយោគិន និងធុរជន; និងម៉្យាងទៀត, គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវា សាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។

-សម្តេចធិបតី ថ្លែង​បង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។

-សម្តេចធិបតី ថ្លែងថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរលើការធ្វើធុរកិច្ចនៅកម្ពុជា។

-សម្តេចធិបតី ថ្លែងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និងលើសកលលោក។ មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់, ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការ- អនុវត្តជាក់ស្ដែង ជាបន្តបន្ទាប់។

-សម្តេចធិបតី​ ថ្លែងថា សមិទ្ធិផលនេះជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និង ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បី បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និង ដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និង នីតិវិធីសារពើរពន្ធ។

-សម្តេចធិបតី ថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក។

-សម្តេចធិបតី ថ្លែង​រំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃ កិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន។

-សម្តេចធិបតី ថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា ឬជាសមិទ្ធិផលរួមគ្នារបស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលក្នុងការអនុវត្ត​ការងារ តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System)។

-សម្តេចធិបតី ថ្លែង​ណែនាំក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាពខ្ពស់។

-សម្តេចធិបតី ថ្លែងថា ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ។

-សម្តេចធិបតី ថ្លែងថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២៣, និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣។ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤, និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ ១៧,២%។

-សម្តេចធិបតី ថ្លែង​ណែនាំដល់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយ​ជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ធុរជន។

-សម្តេចធិបតី ថ្លែង​ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថ​ប្រយោជន៍ ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជារតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោ​បល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ។

-សម្តេចធិបតី ថ្លែង​ណែនាំដល់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារ​លើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

-សម្តេចធិបតី ថ្លែង​ណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំ និង ការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច និងសូមរួមសហការគ្នា រៀបចំជាក្របខណ្ឌរួមមួយ ដែលខ្ញុំសូមដាក់ឈ្មោះថា «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារ ផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ។

សូមជម្រាបជូនថា​ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា។

...

«ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​ទទួល​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print