ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ បានជួយប្រទេសកម្ពុជាឱ្យរកចំណូលបានជាង១៩លានដុល្លារអាមេរិក តាមរយៈការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេស។ ចំណូលនេះកើនឡើងជិត៤២%ធៀបនឹងរយៈពេល៤ខែ ឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិរបស់គ្រឹះស្ថានអង្គរ។
ប្រភពដដែលនេះបានឱ្យដឹងទៀតថា ក្នុងរយៈពេល៤ខែនេះ មានភ្ញៀវទេសចរបរទេសចំនួនជាង៤២ម៉ឺននាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនឡើងជាង៤០%ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។ ចំណែកឯចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរវិញ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ បានជាង១៣ម៉ឺន៧ពាន់ដុល្លារ ពីអ្នកទេសចរជាង៩ពាន់នាក់។
យោងតាមគ្រឹះស្ថានអង្គរ ចំណូលពីការលក់សំបុត្រនេះមួយផ្នែកត្រូវបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ដោយក្នុង រយៈពេល៤ខែ ក្នុងឆ្នាំ២០២៤ មានចំនួនសរុបជាង៨៤ម៉ឺនដុល្លារ។
សូមរម្លឹកថា ៖ ៤ វិធីដើម្បីទស្សនាតំបន់ប្រាសាទអង្គរវត្ត។
១.ជួលអ្នកបើក រ៉ឺម៉កកង់បី
ប្រសិនបើអ្នកស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់ក្នុងខេត្តសៀមរាប នេះមានន័យថាអ្នកត្រូវការមធ្យោបាយដឹកជញ្ជូនទៅតំបន់ប្រាសាទអង្គរវត្ត។ នៅទីនោះមាន រ៉ឺម៉កកង់បី ជាច្រើនដែល ជា ធម្មតា ចាំដឹកភ្ញៀវនៅខាងក្រៅសណ្ឋាគារ និង ផ្ទះសំណាក់។
អ្នកបើកបរទាំងនេះមិនត្រឹមតែផ្តល់ឱ្យអ្នកនូវមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ពួកគេថែមទាំងដឹងច្រើនអំពីតំបន់ទាំងនោះផងដែរ។ ខណៈដែលពួកគេមិនអាចចូលទៅទស្សនាប្រាសាទជាមួយអ្នកបាន (មានតែមគ្គុទ្ទេសទេសចរណ៍ទេដែលអាចូលទៅបាន) ពួកគេអាចផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីប្រាសាទនីមួយៗក្នុងអំឡុងពេលធ្វើដំណើរលើ រ៉ឺម៉កកង់បី ដូច្នេះអ្នកទទួលបានព័ត៌មានខ្លះមុនពេលចូលទស្សនាប្រាសាទ។
ដោយចំណាយប្រហែល២០ ដុល្លារទៅ២៥ ដុល្លារក្នុងមួយថ្ងៃ រ៉ឺម៉កកង់បីនឹងដឹកអ្នកពីសណ្ឋាគារទៅច្រកចូលប្រាសាទ។ តម្លៃចូលទស្សនាគឺដាច់ដោយឡែកពី រ៉ឺម៉កកង់បីដែលមានតម្លៃ $៣៧ សម្រាប់សំបុត្រ១ ថ្ងៃ និង $៦២ សម្រាប់សំបុត្រ៣ ថ្ងៃ (មានសុពលភាព ១ សប្តាហ៍)។ មគ្គុទ្ទេសក៍នឹងនាំអ្នកទស្សនាជុំវិញតំបន់ប្រាសាទផ្សេងៗ។
២. ពិចារណាថាតើអ្នកចង់ចំណាយពេលប៉ុន្មានថ្ងៃដើម្បីទស្សនានៅតំបន់នោះ
ចំនួនថ្ងៃដែលអ្នកសម្រេចចិត្តចំណាយពេលទៅទស្សនាប្រាសាទនៅអង្គរវត្តអាស្រ័យលើពេលវេលារបស់អ្នក ដូច្នេះនេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនទាំងស្រុង។ មនុស្សភាគច្រើនណែនាំអោយចំណាយពេលយ៉ាងហោចណាស់បីថ្ងៃ។
ប៉ុន្តែ ប្រសិនបើអ្នកមានពេលតែមួយថ្ងៃដើម្បីទៅលេងកម្សាន្ត អ្នករត់រ៉ឺម៉កកង់បីរបស់អ្នកអាចនឹងនាំអ្នកទៅទស្សនានៅតំបន់ប្រាសាទដែលហៅថា “វង់តូច” ។ វង់តូចនេះមានប្រសាទសំខាន់ៗចំនួនបីគឺ ប្រាសាទអង្គរវត្ត អង្គរធំ និងតាព្រហ្ម។ ប្រាសាទទាំងនេះពិតជាអស្ចារ្យនឹងធ្វើអោយអ្នកមានអារម្មណ៍រំភើប។
៣. ថ្ងៃលិចនិងថ្ងៃរះនៅតំបន់ប្រាសាទ
អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការចំណាយពេលច្រើនជាងមួយថ្ងៃនៅតំបន់នេះគឺថា អ្នកអាចមើលថ្ងៃរះ ឬថ្ងៃលិចនៅតាមប្រាសាទនានា។ នេះជាការកម្សាន្តដ៏ពេញនិយមដែលអ្នកត្រូវធ្វើ។
ប្រសិនបើអ្នកចង់ទៅមើលថ្ងៃរះ ច្រកចូលប្រាសាទនឹងបើកនៅម៉ោង៥ ព្រឹក។ នេះមានន័យថា អាស្រ័យលើទីតាំងនៃសណ្ឋាគាររបស់អ្នក អ្នកអាចចាកចេញពីកន្លែងស្នាក់នៅម៉ោងប្រហែល ៤:៤៥ ព្រឹក ហើយអ្នកបើក រ៉ឺម៉កកង់បី អាចជួយអ្នកក្នុងការកំណត់ពេលវេលានេះបាន។
កន្លែងដ៏ល្អបំផុតដើម្បីមើលថ្ងៃរះគឺស្រះទឹកដែលមានទីតាំងនៅទល់មុខប្រាសាទអង្គរវត្ត។ ពន្លឺចាំងផ្លាតពីផ្ទៃទឹកបានបង្កើតរូបភាពដ៏អស្ចារ្យនៃពន្លឺព្រះអាទិត្យរះចាំងពីមុខប្រាសាទ។ អ្នកគួតែដើរជុំវិញ ដើម្បីចាប់បានរូចភាពស្រស់ស្អាតពីគ្រប់ជ្រុង។
បើអ្នកចង់ទៅមើល ថ្ងៃលិច កន្លែងដែល ពេញនិយមបំផុត គឺនៅប្រាសាទភ្នំបាខែង។ ប្រាសាទនេះ ស្ថិតនៅ លើកំពូលភ្នំ ដែល អាចឱ្យយើងមើលឃើញនូវ ទិដ្ឋភាព ដ៏ អស្ចារ្យ។ អ្នកត្រូវពិនិត្យមើលពេលវេលាអោយបានច្បាស់លាស់ ដើម្បីប្រាកដថាអ្នកអាចទៅទស្សនាថ្ងៃលិច និងរះ ទាន់ពេលវេលា។
៤. ដាយណូស័រ
ប្រហែលជាអ្នក បានដឹងពីវា ឬក៏មិនបានដឹង។ ក្នុងអំឡុងពេលធ្វើដំណើររបស់ខ្ញុំ ខ្ញុំបានលឺមគ្គុទ្ទេស និងអ្នកផ្សេងទៀតនិយាយអំពីវា ហើយបន្ទាប់មកបានស្វែងរកវា។ ប៉ុន្តែ ឥឡូវនេះអ្នកដឹងហើយ។
បើអ្នកចង់ឃើញ ដាយណូស័រ មួយ នេះ អ្នក ត្រូវទៅទស្សនាប្រាសាទតាព្រហ្ម។ ប្រាសាទនេះមានភាពល្បីល្បាញនៅពេលដែលភាពយន្ត Tomb Raider ត្រូវបានចាក់បញ្ចាំងនៅតាមរោងកុន ដោយសារឈុតខ្លះនៃខ្សែភាពយន្តត្រូវបានថតនៅប្រាសាទនេះ។ នេះអាចជាហេតុផលដែលភ្ញៀវទេសចរជាច្រើនចូលចិត្តមកទស្សនាប្រាសាទនេះ កុំភ្លេចរកមើលដាយណូស័រតូចៗដែលឆ្លាក់នៅក្នុងជញ្ជាំងប្រាសាទផងដែរ៕