ខេត្តបាត់ដំបង៖ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះថា ប្រជាពលរដ្ឋចំនួន ៣នាក់ នៅស្រុកសំពៅលូន បានទទួលរងគ្រោះថ្នាក់ភ្លាមៗ ដោយសាររន្ទះបាញ់ ក្នុងពេលមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ លាយឡំជាមួយរន្ទះ ក្នុងខណៈពេលកំពុងបេះផ្លែស្វាយ ។
លោក យ៉ាន ឧត្តម បញ្ជាក់ថា គ្រោះថ្នាក់រន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង១៥ និង៥នាទី ថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកសំពៅ លូន ខណៈពេលកំពុងមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះបានបាញ់ចំនួន២ដង នៅតំបន់នោះ បណ្តាលឱ្យរងរបួសប្រជាពលរដ្ឋចំនួន៣នាក់ ក្នុងពេលដែលពួកគាត់កំពុងបេះស្វាយ នៅក្នុងចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកនាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្ត បាត់ដំបង បានបន្តថា ជនរងគ្រោះទី១ ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង,ទី២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទី៣. ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥ សំពៅលូន ដែលរហូតដល់ពេល នេះ អាការៈរបស់គាត់បានដឹងខ្លួន រួចផុតពីគ្រោះថ្នាក់ហើយ ។
ដោយឡែកនៅស្រុកបាណន់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤នេះដែរ នៅភូមិស្លាបប៉ាង និងភូមិតាង៉ែន ឃុំតាគ្រាម ក៏មានភ្លៀងធ្លាក់លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បានបង្កឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១១ខ្នងផ្ទះត្រូវទទួលរងផលប៉ះពាល់ដោយប៉ើងដំបូលស័ង្កសី ។
លោក យ៉ាន ឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងនៅទីប្រជុំជន និងតំបន់ជនបទ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ដោយធម្មជាតិ ដែលនឹងអាចកើតឡើងជាយថាហេតុ ហើយបើមានជួបនឹងគ្រោះថ្នាក់ សូមរាយការណ៍ទៅអាជ្ញាធរដែន ដី និងសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា និងការឆ្លើយតបបានកាន់តែលឿន ដោយមិនទុកពួកគាត់ចោលដោយគ្មានការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ឬក្រុមការងារនោះឡើយ ៕