ខេត្តកណ្ដាល៖ ជនជាតិប៊ុលហ្គារីម្នាក់ បានធ្វើសកម្មភាពលួចគាស់ទូអេធីអឹមបានសម្រេចយកប្រាក់ដុល្លារជាង១ម៉ឺន និងប្រាក់រៀលជាងម្ភៃលាន ទីបំផុតត្រូវបាននគរបាលខេត្តកណ្ដាលសហការជាមួយស្រុកអង្គស្នួលនិងនគរបាលរាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួននៅវេលាម៉ោង១៤និង០៥នាទី នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ ដែលករណីនេះបានកើតឡើងនៅ២ទីតាំង គឺករណីទី១កើតហេតុនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១២នាទី នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ករណីទី២កើតហេតុនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៥០នាទី នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ករណីទី១ ជនរងគ្រោះឈ្មោះ ហេង ឆវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ករណីទី២ កើតហេតុហេតុថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៥០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្ដឹងទេ។ ចំណែកជនសង្ស័យឈ្មោះ ANTON NIKOLOV ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិBULGARIA សញ្ជាតិ BULGARIA ស្នាក់នៅខុនដូអ័កគីដេ ជាន់ទី១៨ បន្ទប់លេខ៣១ ភូមិខុនដូអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារបាត់បង់ ករណីទី១៖
-ប្រាក់ដុល្លារចំនួន១២០០០ដុល្លារ -ប្រាក់ខ្មែរចំនួន២៧,០០០,០០០៛ ។ សម្ភារបាត់បង់ ករណីទី២៖ (គ្មាន)។ ដោយឡែកវត្ថុតាងចាប់យក៖ ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១១សន្លឹក, ស្កុតសម្រាប់បិទភ្នែកកាមេរ៉ាសុវត្ថិភាពចំនួន០២ , លិខិតឆ្លងដែន(Passport),កាបូបស្ពាយLV ពណ៌ប្រផេះចំនួន០១ ,សុីមស្មាតចំនួន០២ ,ទូរស័ព្ទដៃចំនួន០៣គ្រឿង ,Latopម៉ាកAcerពណ៌ទឹកប្រាក់ចំនួន០១គ្រឿង និងសម្ភារមួយចំនួនទៀត។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង១៥នាទី ជនរងគ្រោះរួមទាំងបុគ្គលិកធ្វើការជាមួយគ្នាដល់ម៉ោងសម្រាកពីការងារហើយក៏ចេញដំណើរទៅផ្ទះរៀងៗខ្លួន។ លុះដល់ព្រឹកថ្ងៃទីខែឆ្នាំកើតហេតុ វេលាម៉ោង៨និង០៥នាទី ជនរងគ្រោះបានមកដល់កន្លែងធ្វើការហើយចូលទៅស្កេនមេដៃក្នុងធនាគារ រួចដើរចេញមកក្រៅ ពេលនោះក៏បានជួបជាមួយតៃកុងឡានប្រចាំធនាគារហើយបានប្រាប់ទៅជនរងគ្រោះថា ទូATMរបស់ធនាគារយើងមានស្នាមគាស់។ ភ្លាមនោះជនរងគ្រោះបានដើរទៅមើលក៏ឃើញមានស្នាមគាស់បែកបាក់០១ផ្នែកខាងលើ ហើយក៏នាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងអំឡុងវេលាម៉ោងកើតហេតុខាងលើ ស្រាប់ឃើញជនសង្ស័យ០១នាក់(មិនស្គាល់អត្តសញ្ញាណ) បានដើរមកពីទិសខាងកើតសំដៅចូលទៅក្នុងទូATM ហើយធ្វើសកម្មភាពយកស្កុតបិទទៅលើភ្នែកកាមេរ៉ាសុវត្ថិភាពហើយបានគាស់ទូATMបណ្តាលឱ្យបែកបាក់ផ្នែកខាងលើហើយក៏បានបកស្កុតនោះវិញ រួចជនសង្ស័យក៏ដើរចេញសំដៅទៅទិសខាងលិចបាត់ទៅ ។ បន្ទាប់មកបុគ្គលិកផ្នែកគណនេយ្យក៏បានឆែកមើលចំនួនទឹកប្រាក់នៅក្នុងកុងទូATM ឃើញថាមិនមានការបាត់បង់ឡើយ ។
ក្រោយមកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះរួចហើយ កម្លាំងផ្នែកជំនាញស្រុក សហការជាមួយប៉ុស្ដិ៍បានចុះទៅដល់ចំណុចកើតហេតុ ទទួលពាក្យបណ្តឹងនិងបន្តស្រាវជ្រាវតាមរកមុខសញ្ញាតាមនីតិវិធីជំនាញ។ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៤និង០៥នាទី នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្ដិ៍នគរបាលអូរបែកក្អម រាជធានីភ្នំពេញ បានស៊េីបអង្កេតស្រាវជ្រាវបានចូលឆែកឆេរក្នុងខុនដូ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បន្ទប់លេខ១៨ បានឃាត់ខ្លួនជនសង្ស័យមួយនាក់និងដកហូតយកសម្ភារមួយចំនួនដូនខាងលើ យកមកចាត់ការតាមនីតិវិធី៕ ដោយស្អាងជ័យ