ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។ អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ លោម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ អាវកាក់ដែល លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាអាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ចក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ លោកបាន ថ្លែងថាសុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែម៖ «ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ»។

នៅក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Alam,Sardar Umar តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានថ្លែងថាអង្គការយូណេស្កូមានការរីករាយចំពោញកិច្ចសហការរបស់ក្រសួងព័ត៌មានក្នុងការគាំទ្រលើ ការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។ ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មានក្នុង
នោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាននិងអង្គការយូណេស្កូដោយមានការអញ្ជើញចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគមនិងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជា និងជូនក្រសួងព័ត៌មានដើម្បីចែកចាយបន្តដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។ ដោយចំនួនអាវកាក់មានចំនួនកំណត់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មានដែលចង់បានអាវកាក់អ្នកសារព័ត៌មាននេះ សូមទំនាក់ទំនងនិងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានជាមុនតាមរយៈលេខទូរស័ព្ទ ០១២ ៨១៨ ៧៦៦ ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីបានថ្លែងថាករណីមានការស្នើសុំច្រើនលើសចំនួនដែលមាន លោករដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print