ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។
ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត បញ្ញវន្តបុគ្គលិកស្ថាប័នឯកជន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកគម្រោងព្រែកជីកនេះ គឺជា «មោទកភាពជាតិ» ខ្មែរ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងតកូនតទៅ។
ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។
សម្ដេចតេជោ ហ៊ុន សែន បានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសវៀតណាម និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបម្រើឲ្យកងទ័ពចិន។ ដោយសម្តេចតេជោ បានបញ្ជាក់ច្បាស់ៗជាថ្មីថា គម្រោងព្រែកជីកនេះ គឺបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាសុទ្ធសាធ។
ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានប្រកាសពីការប្តូរផ្តាច់ក្នុងការក៏សាងសាងព្រែកជីកហ្វូណនតេជោឲ្យមានជោគជ័យដោយមិនរាថយឡើយ ព្រោះគម្រោងនេះ នឹងនាំមកនូវផលប្រយោ ជន៍ដ៏មហិមានាសម្រាប់ប្រជាជាតិខ្មែរនាពេលអនាគត ខណៈកម្ពុជាមិនអាចបន្តនៅពឹងដង្ហើម ឬច្រមុះគេដករហូតនោះទេ។
ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទំនិញ ផ្ទាល់ទៅកាន់សមុទ្ររបស់កម្ពុជា ដោយមិនបាច់ឆ្លងកាត់វៀតណាម និងមិនបាច់បង់ថ្លៃបន្ថែម ពេលឆ្លងកាត់តាមប្រទេសវៀតណាម។ ហើយគម្រោងព្រែកជីកនេះ មិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។
តាមការសិក្សាបង្ហាញថា ផលចំណេញសេដ្ឋកិច្ចសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺចន្លោះពី ២១%ទៅ ៣០% ដែលជាអត្រាខ្ពស់មួយសម្រាប់គម្រោង ដែលផ្តល់ផលចំណេញសេដ្ឋកិច្ចក្នុងកម្រិតនេះ។ ម៉្យាងទៀត គម្រោងនេះ ក៏នឹងផ្តល់ផលចំណេញផ្នែកដឹកជញ្ជូនសរុបចន្លោះពី ៨៨ទៅ ៥៧០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ។
កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ដែលត្រូវធ្វើយ៉ាងណាចាប់អនុវត្តគម្រោងនេះនៅឆ្នាំ ២០២៤នេះ ឬឆ្នាំ២០២៥យ៉ាងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ ទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវគម្រោងព្រែកជីកនេះ។
សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ចំពោះព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទី១រាជរដ្ឋាភិបាលអត់មានគម្រោងដើម្បីរៃអង្គាសពីបងប្អូនទេ មានបងប្អូនខ្លះចង់បង្កើតកុងដើម្បីទទួលយកថវិកាពីប្រជាពលរដ្ឋ អ្នកខ្លះគាត់ចង់បរិច្ចាគ»។
សម្ដេចធិបតីបានបន្តថា មិនសំខាន់រឿងលុយចូលបរិច្ចាគប៉ុន្មាននោះទេ សំខាន់រឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្ដេចឃើញសន្ទុះទឹកចិត្តប្រជាពលរដ្ឋធំធេងណាស់ក្នុងការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។
សម្ដេចធិបតីបានជួបអ្នកវិភាគម្នាក់ អ្នកវិភាគនោះថាមិនដែលឃើញគម្រោងណាមួយមានចលនាជាតិនិយមនៅពីក្រោយខ្លាំងជាងគម្រោងព្រែកជីកហ្វូណន-តេជោនេះនោះទេ។ ម្យ៉ាងទៀត អ្នកដែលមាននិន្នាការផ្សេងពីរាជរដ្ឋាភិបាល ក៏គេចេញមកគាំទ្រ ព្រោះយល់ពីផលប្រយោជន៍ជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រុមមួយនៅអាមេរិកដែលបដិសេធគម្រោងព្រែកជីកនេះ គឺដើរក្រឡាខុសហើយ ខណៈប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់បានយល់ពីតម្លៃមួយនេះ ហើយបានផ្ដល់ការគាំទ្រយ៉ាងផុសផុល។
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បានផ្ដួចផ្ដើមឱ្យមានគម្រោងនេះ ដូច្នេះរាជរដ្ឋាភិបាលអាណត្តិទី៧នេះត្រូវតែអនុវត្តគម្រោងនេះឱ្យបាន។
សម្ដេចបានគូសបញ្ជាក់ថា នេះជាគម្រោង BOT រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺដូចទៅនឹងគម្រោងផ្លូវល្បឿនលឿនដែរ ពោលគឺក្រុមហ៊ុនឯកជនមានថវិកាធ្វើគម្រោងទាំងនេះ ហើយរាជរដ្ឋាភិបាលអនុញ្ញាតសិទ្ធិឱ្យកាន់កាប់ប៉ុន្មានឆ្នាំ ដល់ឆ្នាំកំណត់គឺនឹងផ្ទេរមកឱ្យរាជរដ្ឋាភិបាលវិញ។ ប៉ុន្តែទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនបានគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវព្រែកជីកនេះ។
សម្ដេច ហ៊ុន ម៉ាណែត បានជំរុញទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើយ៉ាងណាចាប់អនុវត្តគម្រោងនេះនៅឆ្នាំ២០២៤នេះ ឬឆ្នាំ២០២៥យ៉ាងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមប្រឆាំងក្រៅស្រុកថា អ្នកដែលចង់បង្កើតចលនាប្រឆាំង គឺធ្វើមិនជោគជ័យទេ ព្រោះនេះជាការប្រឆាំងនឹងប្រជាជនខ្មែរ ប្រឆាំងផលប្រយោជន៍ជាតិ។
គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។
គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បី បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕