ភ្នំពេញ៖ ប្រសិនបើគ្មានការប្រែប្រួលទេ នូវប៉ុន្មានខែខាងមុខនេះ ប្រាកដជាមានការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែង១ខ្សែទៀត ជាក់ជាមិនខានឡើយ ដែលមានប្រវែង៣០ម៉ែត្រ ក្នុងខណ្ឌឬស្សីកែវ ខណៈដែលរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាមួយក្រុមហ៊ុនសាងសង់កំពុងបន្តពិភាក្សាការងារ និងរៀបចំចាត់ចែងដាក់សំណើរតាមរយៈទៅរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសម្រេច ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទាន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្ដែងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន និងមានការចូលរួមពីអភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ជាមួយក្រុមការងាររបស់ក្រុមហ៊ុនសាងសង់ បាននឹងកំពុងបន្តពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់នូវគំរោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែង (ពីកើតទៅលិច និងពីលិចទៅកើត) ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
លោក ជិន ប៊ុនធឿន នៅក្នុងសកម្មភាពពិនិត្យជាក់ស្ដែងនេះដែរ បានលើកឡើងថា ចំពោះការយកចិត្តទុកដាក់តាមដាន ក៏ដូចជាការចុះពិនិត្យមើលផ្ទាល់នូវគំរោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែងរបស់ក្រុមហ៊ុនដ្រ្ដាហ្គនលែន (Dragon land) គឺក្នុងគោលដៅ ដើម្បីរក្សាឲ្យបានទំហ៊ំរបស់ព្រែកអូរវែង ពិសេស ធានាឲ្យបានថា គំរោងសាងសង់ស្ពាននេះ ក៏មិនបានប៉ះពាល់ដល់ប្រព័ន្ធបង្ហូររំដោះទឹកចេញឡើយ។ លោកអភិបាលខណ្ឌឬស្សីកែវ បន្តថាព្រែកអូរវែងនេះដែរ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោះទឹកចេញមិនឲ្យជន់លិចនូវរដូវវស្សាពាក់ព័ន្ធតាមបណ្ដាខណ្ឌចំនួន៥ (ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក) របស់រាជធានីភ្នំពេញ៕អរុណរះ