ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ដើម្បីធ្វើការប្រកាសសាលក្រមលើសំណុំរឿងឪពុកសម្លាប់កូនប្រុសបង្កើតខ្លួនឯងអាយុទើបតែ២ឆ្នាំ ហើយយកទៅលាក់ទុកលើធ្នើរបន្ទប់ទឹក អស់រយៈពេល៣ថ្ងៃ ទើបរកឃើញសាកសព បង្កការ្យភ្ញាក់ផ្អើលកើតឡើង ដោយតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ។
សូមបញ្ជាក់ថា ៖ សាលក្រមនេះ តុលាការក៏បានប្រកាសបើកឲ្យបុរសឃាតករជាឪពុកប្តឹងឧទ្ធណ៍ប្រសិនផងដែរ ប្រសិនបើមិនសុខចិត្តលើការសម្រេចខាងលើនេះ (តាមកំណត់ច្បាប់)។
សូមរំលឹកថា មានករណីឃាតកម្ម ដោយសារឪពុកសម្លាប់កូនប្រុសបង្កើតអាយុទើបតែ២ឆ្នាំ ហើយយកសពកូនទៅលាក់ទុកលើធ្នើរបន្ទប់ទឹក អស់រយៈពេល៣ថ្ងៃ ទើបរកឃើញសាកសព បង្កឲ្យការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង៤នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ ភូមិ១សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សាកសពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំ សព្វថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយមីងក្បែរបន្ទប់កើតហេតុ។
ចំណែកឃាតក ជាជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់កើតហេតុ។ ប្រពន្ធមានឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំ មុខរបររើសអេតចាយ ប្រើប្រាស់គ្រឿងញៀន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ មីងនឹងជីដូនដើរតាមរកតែរកមិនឃើញរហូតមកដល់សៀលថ្ងៃកើតហេតុ មានក្លិនស្អុយចំឡែកចេញពីបន្ទប់ខាងលើ ដោយមានការសង្ស័យក៏បានចូលទៅអើតមើលលើធ្នើរបន្ទប់ទឹក ក៏ប្រទះឃើញជើងសពក្មេងរងគ្រោះទើរនៅលើធ្នើរគ្របក្រណាត់ នឹងតុក្កតាស្ទុះរត់មកក្រៅប្រាប់អ្នកជិតខាងតែម្ដង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកដល់សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការហ៊ុំព័ទ្ធខ្សែបើការស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឪពុកបានភ្លាមៗ នាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌបឹងកេងកង និងកសាងសំណុំរឿង រួចបញ្ជូនបុរសឃាតករដែលជាឪពុកឲ្យតុលាការផ្តន្ទាទោសតាមច្បាប់។
ឃាតក ជាឪពុកសម្លាប់កូនអាយុ២ខួប ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ គឺមានការគាំទ្រចំពោះការឆន្ទានុសិទ្ធិនេះ ដើម្បីកាត់បន្ថយនិទណ្ឌភាពនៃបទល្មើសដែលកើតមានឡើងក្នុងសង្គម និងសូមឱ្យបងប្អូន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ៕