ភ្នំពេញ ៖ ប្តីប្រពន្ធ០២នាក់ ជិះម៉ូតូឌុបគ្នា សុខៗ ក៏ស្រាប់តែឈ្លោះគ្នា កើតជាជម្លោះទាស់ពាក្យសម្តី រហូតដល់ឈប់ម៉ូតូ យកដែកកេះ ដុតម៉ូតូឆេះម៉ត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង៣៩នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១១៨ កែងនិងផ្លូវ មាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៏មានពីប្រជាពលរដ្ឋលក់ដូរក្បែរកន្លែងកើតហេតុ បានអោយដឹងថា គេឃើញ ប្តីប្រពន្ធមួយគូរ បានជិះម៉ូតូ ម៉ាក សង់ឌ្រីម ពណ៏ខ្មៅ មិនចាំស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវ ១១៨ ។ លុះឌុបគ្នាមកដល់ចំណុចកើតហេតុ បុរសជាប្តីស្រាប់តែទាស់សម្តីគ្នាជាមួយនិងប្រពន្ធ ខណៈនោះបុរសជាប្តីបានឈប់ម៉ូតូ រួចហើយបានស្រែកខ្លាំងៗដាក់ប្រពន្ធ ធ្វើអោយស្រ្តីជាប្រពន្ធខឹងចុះពីលើម៉ូតូ ។ ភ្លាមៗ បុរសជាប្តីបានយកដែកកេះ មកដុតម៉ូតូដើម្បីគម្រាមប្រពន្ធ ប៉ុន្តែគ្រាន់តែបើកគម្របធុងសាំង ក៏ស្រាប់តែឆាប ចំហេះសាំងបណ្តាលអោយមានអណ្តាតភ្លើង ឆេះម៉ូតូតែម្តង ។ ដោយឃើញដូច្នោះ ប្តីប្រពន្ធទាំង០២នាក់ ក៏បានយកដីខ្សាច់មកបាច់ពន្លត់វិញ តែមិនរលត់ឡើយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ យកទុយោមកជួយបាញ់ពន្លត់ រហូតជាស្ថាពរ ។ ប៉ុន្តែទម្រាំតែបាញ់រលត់ ម៉ូតូដែលឆាបឆេះខាងលើ សល់តែគ្រោងឆ្អឹងបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ប្តីប្រពន្ធខាងលើបាន បណ្តើរគ្រោងឆ្អឹងម៉ូតូយកផ្ទះវិញដោយសុវត្ថិភាព ៕ ដោយ រ៉ារ៉ា