ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានព្រលប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ បានចុះបង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗជនសង្ស័យដែលឆក់ទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់ បានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារជាច្រេីនដង។
ក្នុងប្រតិបត្តិការនោះ ដោយអនវុត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការចូលរួមលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះលេខ១៤ ផ្លូវលេខ៤២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យទី១៖ឈ្មោះ សាត សុរតនា ហៅ ឆ្មា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជនដៃដល់) និងទី២៖ឈ្មោះ មាស ភារម្យ ហៅ ពកក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បិទគូទ)។
ពួគគេបានធ្វេីសកម្មភាពវេលាម៉ោង១១៖១៥នាទី ដោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរបានសម្រេច នៅចំណុចផ្លូវលេខ៣៥០កែងផ្លូវលេខ៣៦៨ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ដោយ៖តារា