ខេត្តកំពង់ស្ពឺ÷ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងករណីយកដុំថ្មគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤និងលោតធាក់ម៉ូតូអ្នកដំណើរបណ្ដាលឱ្យគ្រោះថ្នាក់។
មន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នៅវេលាម៉ោង៥ល្ងាច មានករណីជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពគប់កញ្ចក់រថយន្តនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨ -៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលបានទទួលព័ត៌មាន(បណ្ដឹងផ្ទាល់តាមរយៈ hotline ) ពីជនរងគ្រោះឈ្មោះ អោម សុភ័ក្រ្ត ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរបើករថយន្តប្រចាំរោងចក្រ បានរៀបរាប់ថា ខ្លួនបើករថយន្តម៉ាកស្តារីចពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ2A-5226 ចេញពីរោងចក្រទៅទទួលភ្ញៀវនៅភ្នំពេញ។ លុះជិះមកដល់ចំណុច កើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យបានយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួនបណ្ដាលឲ្យបែកកញ្ចក់និងទ្វារពីខាងឆ្វេង ភ្លាមនោះខ្លួនក៏បានឈប់រថយន្ត រួចរាយការណ៍មកសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្ដង ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋានក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍បានចុះទៅដល់
កន្លែងកើតហេតុ្វធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង ចាន់ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវត្ថុតាងដុំថ្មជ្រុងមួយដុំ។ ក្រោយសមត្ថកិច្ចឃាត់និងការសាកសួរទេីបដឹងថា ជនសង្ស័យខាងលេី ជាមនុស្សដែលបានធ្វេីសកម្មភាពហក់ធាក់ម៉ូតូអ្នកដំណេីរដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៤ ។
ចំពោះករណីខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដេីម្បីចាត់ការតាមនីតិវិធី ៕ ដោយសុរិយា