ខេត្តកណ្តាល ៖ បុរសម្នាក់បើកម៉ូតូស្គូពីលឿនជ្រុលទៅបុកជាមួយរុឺម៉កម៉ូតូជាអ្នកបម្រើការងារក្នុងការដ្ឋានជាមួយគ្នារងរបួសធ្ងន់ទាំង២នាក់ ម្នាក់បាក់ជើងស្តាំ និងម្នាក់ទៀតបាក់ជើងឆ្វេង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងការដ្ឋានព្រលានយន្តហោះថ្មី ក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរុឺម៉កម៉ូតូបើកដោយឈ្មោះ ហួន សុខវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារក្នុងការដ្ឋានខាងលើ មានទីលំនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់បាក់ជើងខាងស្ដាំ ។ ចំណែកភាគីខាងម៉ូតូស្គូពី ពណ៌ស បើកបរដោយឈ្មោះ រិទ្ធ រតនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងការដ្ឋានខាងលើ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបើកម៉ូតូក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគ្នាជាមួយរុឺម៉កម៉ូតូដែលបើកក្នុងទិសដៅពីលិចទៅកើត បណ្តាលឱ្យខាងម៉ូតូរបួសបាក់ជើងឆ្វេង ចំណែកខាងអ្នករុឺម៉ករបួសបាក់ជើងស្តាំ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុក ដឹកយកទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕ជ្រោយពេជ្រ