ខេត្តស្វាយរៀង: លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងរន្ទះជាដើម ។ ហើយក៏សូមឲ្យអាជ្ញាធរ ត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា ពេលមានគ្រោះធម្មជាតិកើតឡើង ជាមួយនិងការបន្តការយកចិត្តទុកដាក់តាមដានការប្រើប្រាស់ទឹកនៅតាមបណ្ដាមូលដ្ឋាន ទាំងនៅក្នុងការបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ដបានធ្វើនៅក្នុងពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតនៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួលនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
ពិធីនេះមានការចូលរួមពីលោកហែម អាន លោកហែម ពិសិដ្ឋអភិបាលរងខេត្តស្វាយរៀង,លោកសរ សុដានីអភិបាលរងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការអាជ្ញាធរដែនដីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជីនិងប្រជាពលរដ្ឋប្រមាណជាង ៧០០ នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំជ្រុងពពេលយើងនេះ ក៏ដូចជានៅទូទាំងស្រុករំដួលផងដែរ។
លោកប៉េង ពោធិ៍សាបានបន្តថាសមិទ្ធផលជាច្រើនដែលកើតមានឡើងនៅក្នុងវត្តកែវមណីរាម បើទោះបីជាវត្តទើបតែផ្ដួចផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ និងមានអាយុកាលត្រឹមតែ ១៦ឆ្នាំយ៉ាងណាក្ដី ។
លោកបានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ជាពិសេសឧបាសក ហែម អាន និងក្រុមគ្រួសារ ដែលបានចូលរួមគាំទ្រ និងកសាងនូវសមិទ្ធផល នៅក្នុងវត្តកែវមណីរាម ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។
លោកថា តម្លៃនៃសន្តិភាពដែលយើងរកបាននេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចម្រើននូវជីវភាពប្រជាជន តាមរយៈការអភិវឌ្ឍជាច្រើន។ដូច្នេះ ទំនាក់ទំនងរវាងសន្តិភាព និងសង្គ្រាម សន្តិភាព និងការអភិវឌ្ឍ គឺសំខាន់ណាស់ ។ វាទាមទារឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នារក្សាសន្តិភាពឲ្យខានតែបាន ។
ជាមួយគ្នានេះលោកអភិបាលខេត្តស្វាយរៀងសូមអំពាវនាវនូវបញ្ហា សំខាន់ៗមួយចំនួនដូចតទៅ ៖
*១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
*២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា
ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។
*៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។
*៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
*៥.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនាពេលខាងមុខ។
*៦.ជាមួយនេះ ខ្ញុំក៏សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុករំដួល ត្រូវខិតខំបំពេញការងារឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដោយចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួន និងជាកិច្ចការចម្បងដែលត្រូវយកចិត្តទុកដាក់ ព្រមទាំងត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយត្រូវខិតខំរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា
និងឆាប់រហ័សស្របតាមកម្មវិធីយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានផ្ដល់អំណោយដល់យាយជី តាជី ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងថវិកា ៤០.០០០រៀល លោកគ្រូ អ្នកគ្រូ ២២នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ ក្រម៉ា ១ និងថវិកា ៤០.០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៣ក្បាល ប៊ិក២ដើម ខ្មៅដៃ១ និងបន្ទាត់១មុឺនរៀល ប្រជាការពារភូមិ ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង ១
ក្រម៉ា ១ និងថវិកា ២០.០០០រៀល ប្រជាពលរដ្ឋក្រមា១ សារុង១និងថវុកា២មុឺនរៀល សាលាស្រុករំដួល២០មុឺនរៀល សាលាឃុំជ្រុងពពេល២០មុឺនរៀល នគរបាលប៉ុស្តិ៍រដ្ឋបាល២០មុឺនរៀល អធិការដ្ឋាននគរបាលស្រុករំដួល បញ្ជាការដ្ឋានកងរាជវុធហត្ថស្រុក២០មុឺនរៀល សឹករងស្រុក២០មុឺនរៀល ចូលបច្ច័យបុណ្យសពក្មេងប្រុសម្នាក់ដែលលង់ទឹកស្លាប់ កាលពីថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៤ ម្សិលមិញចំនួន១លានរៀល និងប្រគេនបច្ច័យនិងចំណាយផ្សេងៗ សរុបចំនួន២៩លានរៀលផងដែរ៕