ភ្នំពេញ ៖ លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តចិន បានផ្ញើសារអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា អាណត្តិទី៥នេះ។
សម្តេចប្រធានជាទីគោរព!
ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតចំពោះ សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការជាប់ឆ្នោតរបស់ សម្តេច បានផ្តល់នូវការធានាខាង នយោបាយសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ឱ្យបន្តមានវឌ្ឍនភាពក្នុងទិសដៅត្រឹមត្រូវ។
ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍ដែលមានវាសនារួមតែមួយ។ បច្ចុប្បន្ននេះ ក្រោម ការដឹកនាំជាយុទ្ធសាស្ត្រ និងការជំរុញលើកទឹកចិត្តផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្ស និងប្រទេស ទាំងពីរ, ទំនាក់ទំនងចិន-កម្ពុជា ស្ថិតក្នុងសម័យកាលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ សម្តេចប្រធាន បាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ និងបានសម្រេចនូវការព្រម ព្រៀងគ្នាជាឯកច្ឆន្ទយ៉ាងសំខាន់មួយ ជាមួយ ឯកឧត្តម Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន (CPC) ក្នុងការកសាងកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា សំដៅរួមគ្នាចាប់ផ្តើម យុគសម័យថ្មីនៃកសាងសហគមន៍វាសនារួមចិន-កម្ពុជា។
ខ្ញុំមានកិត្តិយសធំធេងណាស់ ដែលបានដឹកនាំគណៈប្រតិភូ CPC បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចំនួនពីរលើក ក្នុងខែសីហា ឆ្នាំ២០២២ និងក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយបានផ្លាស់ប្តូរគំនិតយ៉ាងស៊ីជម្រៅ និងមានលក្ខណៈជាមិត្តភាពជាមួយ សម្តេចប្រធាន ព្រមទាំងបានស្តាប់នូវទស្សនៈសំខាន់ៗរបស់ សម្តេច ប្រធាន អំពីការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា។ ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើការជាមួយគណៈទាក់ទងបរទេស នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) សំដៅអនុវត្តការព្រមព្រៀងគ្នាជាឯកច្ឆន្ទដ៏សំខាន់ សម្រេចដោយ ឯកឧត្តម ស៊ី ជីនពីង ជាមួយ សម្តេចប្រធាន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យ ទាក់ទង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ ក្នុងគោលដៅលើកកម្ពស់វឌ្ឍនភាពឋិតថេរ នៃភាពជា ដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា និងសហគមន៍វាសនារួមក្នុងយុគសម័យ ថ្មី។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំសូមគោរពជូនពរ សម្តេចប្រធាន និងក្រុមគ្រួសារ សូមមានសិរីសួស្តីក្នុងឆ្នាំថ្មី សុខភាពល្អបរិបូរ ទទួលបាននូវមហាលាភសំណាងគ្រប់ប្រការ និងបន្តទទួលបាន ជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ សម្តេចប្រធាន។
Liu Jianchao (ហត្ថលេខា និងត្រា) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តចិន ៕