ភ្នំពេញ៖ នារីបម្រើក្នុងKTV Spring Paris Club ត្រូវបានជនជាតិចិនម្នាក់ ដែលនាងអះអាងថា ជាអ្នកមានអំណាច ជាម្ចាស់ល្បែងអនឡាញ បានហៅនាងទៅអង្គុយផឹកសុីជាមួយ រួចប្រើអំពើហិង្សាលើរូបនាង យ៉ាងចាស់ដៃ រួចហើយ អង្គរក្ស របស់ជនដៃដល់ រួមជាមួយសន្តិសុខសណ្ឋាគារ បានព្យាយាម រំដោះជនដៃដល់រត់គេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ KTV Spring Paris Club តាមបណ្តោយផ្លូវជាតិលេខ៤ ក្បែប៉ុស្តិ៍ចោមចៅ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ មានជនជាតិមួយក្រុម បានមកអង្គុយផឹកសុីនៅ សណ្ឋាគារ KTV Spring Paris Club ខាងលើនេះ រួចហៅរូបនាងនឹងនារីៗផ្សេងៗទៀតទៅអង្គុយផឹកកំដរ បន្ទាប់ពីផឹកមិនបានប៉ុន្មានផង ជនជាតិចិនម្នាក់ជាជនដៃដល់ ដែលជាអ្នកមានលុយ ឬ ជាមេល្បែងអនឡាញ បាន សួររូបនាងថា ខ្លាចពួកគេដែរឬទេ រូបនាងក៏ឆ្លើយវិញថា គ្មានអ្វីត្រូវខ្លាចនោះទេ បន្ទាប់ពីនាងឆ្លើយរួច បានបន្តិច ជនដៃដល់ជាជនជាតិចិននោះ បានចាប់ ច្របាច់ ក និង ចាប់ក្បាលនាង បោកជាមួយ ឥដ្ឋការ៉ូ ពេញទំហឹង រហូតមានក្រុមជនជាតិចិនដែលជាក្រុមរបស់ជនដៃដល់បានទៅចាប់ជនដៃដល់ ដើម្បីកុំឲ្យប្រើហិង្សាលើរូបនាងបន្តទៀត។
បន្ទាប់ពីប្រើហិង្សាលើរូបនាងក្នុងសណ្ឋាគាររួចមក ជនសង្ស័យ បានហៅអង្គរក្សរបស់ខ្លួនប្រម៉ាណជា១០ម៉ូតូ បានដល់សណ្ឋាគារកើតហេតុ រួចជនដៃដល់រត់គេចខ្លួនបានសម្រេច ។
ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីរូបនាងបានទំនាក់ទំនងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ តាមរយៈ លេខទូរស័ព្ទ ប្រម៉ាណជា៣០នាទីបានសមត្ថកិច្ចមកដល់ ទាំងដែលប៉ុស្តិ៍នគរបាល នៅចម្ងាយប្រមាណ២០០ម៉ែត្រពីកន្លែងកើតហេតុសោះ ពេលសមត្ថកិច្ចមកដល់ ក៏ត្រឡប់ទៅវិញដោយលើកឡើងថា ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទៅវិញ ។
ក្រោយកើតហេតុ ជនរងគ្រោះក៏បាន ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីឲ្យសមត្ចកិច្ច រកយុត្តិធម៌ឲ្យខ្លួន ដែលត្រូវរងអំពើហិង្សាពីសំណាក់ជនជាតិចិនបែបនេះ៕ដោយ៖ រ៉ារ៉ា