សារព័ត៌មាន AFP បានផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជូនដំណឹងដល់សភា
កាលពីថ្ងៃអង្គារទី១៤ ខែឧសភា ពីផែនការដឹកជញ្ជូនអាវុធមានទំហំទឹកប្រាក់១ពាន់លានដុល្លារទៅឱ្យអ៉ីស្រាអែលតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីគំរាមបញ្ឈប់ការផ្ដល់អាវុធមួយចំនួនជុំវិញការវាយប្រហារលើទីក្រុង Rafah។
ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានបញ្ជាក់ថា រដ្ឋបាលលោក បៃដិន បានជូនដំណឹងជាផ្លូវការពីផែនការបញ្ជូនអាវុធឱ្យអ៉ីស្រាអែល ទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិករួចរាល់ហើយ ខណៈដែលមន្ត្រីសភាម្នាក់ក៏បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថា អាវុធទាំងនោះត្រូវបានទិញពីក្រុមហ៊ុនផលិតអាវុធអាមេរិកក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារ។ មួយវិញទៀត កញ្ចប់ជំនួយអាវុធទាំងនេះនឹងត្រូវយកចេញពីកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ ដែលទើបតែត្រូវបានសភាអាមេរិកអនុម័តថ្មីៗនេះសម្រាប់ផ្ដល់ជំនួយដល់អ៊ុយក្រែន អ៉ីស្រាអែល និងតៃវ៉ាន់។
លោក ចូ បៃដិន កាលពីសប្ដាហ៍មុនបានគំរាមថា នឹងបញ្ឈប់ដឹកជញ្ជូនអាវុធមួយចំនួនដល់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងគ្រាប់បែក ឬគ្រាប់កាំភ្លើងជាដើម ប្រសិនបើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ វាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា និងជាទីជម្រកដ៏សំខាន់សម្រាប់ប្រជាជនប៉ាឡេស្ទីនជាង១លាននាក់៕ ដោយធីរីណា
រូបថត: ABC NEWS