ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានជិះល្បាតក្នុងមូលដ្ឋាន ដេីម្បីទប់ស្កាត់បទល្មើសព្រៃឈើដែលក្រុមឈ្មួញខិលខូចមួយចំនួនបាននាំគ្នាលួចដឹកជញ្ជូនខុសច្បាប់ ក៏ប្រទះឃេីញក្រុមជនសង្ស័យកំពុងបេីកម៉ូតូរ៉ឺម៉កដឹកឈើខុសច្បាប់មួយគ្រឿង ភ្លាមនោះជនសង្ស័យជាអ្នកបេីកបរ គ្រាន់តែឃេីញសមត្ថកិច្ចរត់ចោលម៉ូតូចូលព្រៃគេចខ្លួនបាត់ស្រមោល។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ាមេបញ្ជាការស្រុក កាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ នៅចំណុចភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើការឃាត់ម៉ូតូរ៉ឺម៉កដឹកឈើគ្មានច្បាប់អនុញ្ញាត និងបានដកហូតឈើលេខ១សុក្រំចំនួន ២១ដុំស្មើរនឹង០.៥៣៩ម៉ែត្រីគុណ, រ៉ឺម៉កម៉ូតូចំនួន០១គ្រឿង។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ ម្ចាស់ម៉ូតូរត់គេចខ្លួនបាត់ ក្រោយប្រទះឃេីញកម្លាំងជំនាញ កំពុងជិះល្បាត។ បច្ចុប្បន្នវត្ថុតាងបានបញ្ជូនទៅរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តជាអ្នករក្សាទុក ដេីម្បីបន្តនីតិវិធីច្បាប់៕ដោយ៖តារា