ខេត្តកំពង់ចាម៖ មុខសញ្ញាចែកចាយគ្រឿងញៀនប្រុសស្រីចំនួន ២នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មនៅស្រុកចំការលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនរួមនិងវត្ថុតាងគ្រឿងញៀនជាក់ស្ដែង។
យោងតាមប្រភពព័ត៌មានពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា៖ ដោយយោងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ថាំង សុខលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ក្នុងនោះធំ០១បញ្ចប់ ទម្ងន់ ៣.៨៧ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង, ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ និងវត្ថុតាងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ដោយ៖តារា