ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋម្នាក់ត្រូវបានពស់ចឹកបណ្ដាលឲ្យស្លាប់តាមផ្លូវ ពេលកំពុងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោង១២និង៣០នាទី រសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ។ ជនរងគ្រោះ រស់នៅភូមិ គោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីដើរចេញ មានចម្ងាយពីផ្ទះប្រវែង៤០០ម៉ែត្រប៉ុណ្ណោះ ក្នុងគោលបំណងទៅចាប់ពស់នោះ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ៖ ជនរងគ្រោះ មានឈ្មោះ សឿ សឿន អាយុ ៤៤ ឆ្នាំរស់នៅភូមិ គោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ៖ នៅក្នុងហេតុការណ៍នេះ មូលហេតុ ជនរងគ្រោះ ឈ្មោះ សឿ សឿន បានឃើញពស់ វារលូនចូលរន្ធ ក៏បបួលប្អូនបង្កើត និងក្មួយប្រុស ទៅចាប់ដែលមានចម្ងាយពីផ្ទះប្រវែង៤០០ម៉ែត្រ ហើយពេលទៅដល់ ឈ្មោះ សឿ សឿន បានលូកដៃចូលរន្ធ ដេីម្បីចាប់ទាញយកពស់ ដោយស្មានថា ពស់ថ្លាន់ ភ្លាមៗនោះ ពស់ក៏ចឹកដៃឆ្វេងចំម្រាមកណ្ដាល ក្រោយយកពស់ចេញពីរន្ធ ទេីបដឹងថា ជាពស់វែកក្រឡាចាស់ ។
សមត្ថកិច្ចបានបន្តទៀតថា ៖ បន្ទាប់ពីមានពស់ចឹកបែបនេះ មកបងប្អូននិងក្មួយ បានយកឈ្មោះ សឿ សឿន មកផ្ទះនិងបានដឹកបន្តទៅមណ្ឌលសុខភាពល្វាក្រាំង តែបានស្លាប់តាមផ្លូវ បាត់ទៅហើយ។
បច្ចុប្បន្នសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕