តុលាការ​ សម្រេច​ឃុំ​ខ្លួន​ក្រុមជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងសកម្មចំនួន ០៤នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀនជិត ២០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​​រាជធានីភ្នំពេញ ​នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានសម្រេចឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាបណ្តោះអាសន្ន​លើ​ជនត្រូវចោទ​ឈ្មោះ លី ប៊ុនមីន ភេទប្រុស ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រីឈ្មោះ កេះ ស្រីពេញ ភេទស្រី ឈ្មោះ ប៊ុន ម៉ាលិស ភេទស្រី ​ពីបទល្មើសខាងលើ​ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាក់ស្ដែង​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ ២៧៥៥ ​ចុះថ្ងៃទី១​ ខែឧសភា ​ ឆ្នាំ២០២៤ មាន​ជនត្រូវចោទឈ្មោះ លី ប៊ុនមីន ភេទប្រុស ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ឈ្មោះ កេះ ស្រីពេញ ភេទស្រី ឈ្មោះ ប៊ុន ម៉ាលិស ភេទស្រី និងជនត្រូវចោទចំនួន១៦នាក់ទៀត​កំពុង​គេចខ្លួន ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទល្មើស​សមគំនិត​ក្នុង​អំពើរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ តំណាង​អយ្យការ​ដក​ហូត​បាន​វត្ថុតាង​​​គ្រឿងញៀន​ទម្ងន់ប្រមាណ ​១៨៨គីឡូក្រាម។

គួររម្លឹកថា​ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់៖

ទី១-នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារ
ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ
ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង
ទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ខាងលេីនេះ​។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ចាប់យកវត្ថុតាង គ្រឿងញៀន៖​ ១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម,២-កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម,​ ៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ។ ព្រមទាំងចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន រួមមាន ៖
សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក
អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លាន ដុល្លារអាមេរិក៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print