មេដឹកនាំកូរ៉េខាងជើង៖ អំពាវនាវឲ្យមានការវិវត្តខ្លួនដើម្បីត្រៀមធ្វើសង្គ្រាម

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី​១៥ ខែឧសភា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងពេលត្រួតពិនិត្យប្រព័ន្ធបាញ់មីស៊ីលថ្មី​ ក៏បានអំពាវនាវឲ្យមានវិវត្តខ្លួនដើម្បីត្រៀមធ្វើសង្រ្គាម ខណៈកូរ៉េខាងជើងទើបតែសម្រេចបាននូវគោលដៅផលិតអាវុធជាបន្តបន្ទាប់ ។

បេីតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បាននិយាយថា ក្នុងអំឡុងពេលត្រួតពិនិត្យប្រព័ន្ធបាញ់មីស៊ីលយុទ្ធសាស្ត្រ លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលផលិតកម្មដែលបានចុះបញ្ជីដោយសហគ្រាសឧស្សាហកម្មការពារជាតិនៅឆ្នាំនេះ ។ ជាពិសេសលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្លាស់ប្តូរឲ្យកាន់តែទំនើបបន្ថែមទៀតដើម្បីត្រៀមធ្វើសង្គ្រាម និងអនុវត្តផែនការផលិតកម្មអាវុធសម្រាប់ឆ្នាំ២០២៤នេះដោយជោគជ័យ ។

ជាមួយគ្នានោះ​ អ្នកវិភាគមួយចំនួននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ត និងបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលដើម្បីបញ្ជូនទៅរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ KCNA បានបញ្ជាក់វិញថា គ្រឿងសព្វាវុធទាំងប៉ុន្មានដែលផលិតក្នុងឆ្នាំនេះ គឺប្រើសម្រាប់តែអង្គភាពយោធានៅភាគខាងលិចរបស់ប្រទេសប៉ុណ្ណោះ ។

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ ប្រទេសកូរ៉េខាជើង​ បានពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី ហើយទីក្រុងព្យុងយ៉ាងបានថ្លែងអំណរគុណដល់ទីក្រុងមូស្គូកាលពីខែមុនចំពោះការប្រើប្រាស់ការវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិមិនឲ្យតាមដានការដាក់ទណ្ឌកម្មអាវុធលើរដ្ឋាភិបាលលោក គីម ។

ដោយឡែក​ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ ក៏បានចោទប្រកាន់កូរ៉េខាងជើងដែរថា ជាអ្នកផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិហាមឃាត់សកម្មភាពបែបនេះក៏ដោយ ខណៈទំនាក់ទំនងអន្តរកូរ៉េគឺឈានដល់ចំណុចក្ដៅគគុកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ៕ដោយ​៖តារា​

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print