បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤​ បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួបនេះ លោក MARN Ki-jeong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយ និងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធនេះបាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា និងបង្ហាញនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្មដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។

មុននឹងបញ្ចប់ សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅរាជធានី ភ្នំពេញក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ បន្តសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ​ និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ ៕

ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print